(តេហេរ៉ង់)៖ យន្តហោះមួយ​គ្រឿងរបស់អាកាសចរណ៍​អ៊ីរ៉ង់ Iran Air បានឆាបឆេះអំឡុងពេល​ចុះចតនៅអាកាសយានដ្ឋាន មេរ៉ាបាប (Mehrabab) ក្នុង​ទីក្រុងតេហេរ៉ង់​នាថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅប្រទេស​អ៊ីរ៉ង់) ប៉ុន្តែសំណាង​ល្អអ្នកដំណើរទាំង ១០០នាក់ ដែលជិះនៅលើនោះ ត្រូវបានជម្លៀស​ខ្លួនចេញដោយ​សុវត្ថិភាព។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។

ប្រធាននាយកដ្ឋាន​ផ្នែកសេវាសង្រ្គោះបន្ទាន់​នៃប្រទេសអ៊ីរ៉ង់ លោក ភឺហូស្សេន កូលីវ៉េនដ៍ (Pir-Hossein Kolivand) បានឲ្យដឹងថា អគ្គិភ័យ​បានលេច​ឡើងនៅពេល​​យន្តហោះខាងលើ​បានបង្ខំចិត្តចុះចត ទាំងកង់​​របស់វាបើកមិនទាន់ចេញ ប៉ុន្តែអគ្គីភ័យ​នេះ​ត្រូវគ្រប់គ្រងបាន​ទាន់​ពេលវេលា។ យន្តហោះ​នេះ​គឺជាប្រភេទ Fokker 100 ផលិតដោយ​​ក្រុមហ៊ុន​ប្រទេសហូឡង់ ដែលជា​កម្មសិទ្ធិរបស់​​អាកាសចរណ៍ Iran Air។

គួរជម្រាបថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយអ៊ីរ៉ង់ ពីឡុត​មិនអាចបើកកង់​ទាំង ២ នៅផ្នែកខាងក្រោយ​របស់យន្តហោះបាន ហើយបានចំណាយ​​​ពេល​មួយសន្ទុះ​ហោះក្រវែល​​​អាកាសយានដ្ឋាន ដើម្បីព្យាយាម​បើកកង់ឲ្យចេញ​ទាំងអស់ មុនពេលសម្រេច​ចិត្តបង្ខំចុះចត ដែលជាហេតុធ្វើឲ្យ​តួខ្លួន​​យន្តហោះកកិតជាមួយផ្លូវចុះចត ហើយ​បង្កើតជាផ្កាភ្លើង និងអណ្តាតភ្លើងឆេះកញ្ជ្រោលឡើងតែម្តង។ យន្តហោះខាង​លើនេះមានគោលមកពីកោះ កេស៊ីម (Qeshm) នៅ​​ឈូង​​​សមុទ្រ​​​ពែក៕