(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជួយសហរដ្ឋអាមេរិក ប្រសិនបើការធ្វើតេស្តយានថ្មីសម្រាប់ដឹកមនុស្សឡើងទៅកាន់ទីអវកាសរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវជួបការពន្យារពេល។ នេះបើតាមប្រធាន Roscosmos ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) ដែលប្រធានទីភ្នាក់ងារអវកាស Roscosmos បាននិយាយថា «យើងយល់ស្របចំពោះសំណើរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ក្នុងការប្រើប្រាស់ទាំងយានអវកាសរបស់រុស្ស៊ី និងរបស់សហរដ្ឋអាមេរិកផ្ទាល់នាពេលអនាគត ដើម្បីនាំយកក្រុមអវកាសយានិកចម្រុះ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS»។
ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងពិចារណាលើលទ្ធភាពចុះកិច្ចសន្យាជាមួយ Roscosmos ដើម្បីអាចបន្តប្រើប្រាស់យានអវកាស Soyuz របស់រុស្ស៊ី ដឹកអវកាសយានិក ០២នាក់ ឡើងទៅកាន់ស្ថានីយ ISS ក្នុងចន្លោះឆ្នាំនេះ និងឆ្នាំ២០២០។ ជម្រើសនេះកំពុងស្ថិតក្រោមពិចារណា ដើម្បីទុកជាផែនការបម្រុងក្នុងករណីមានបញ្ហាណាមួយកើតឡើងក្នុងការធ្វើតេស្តយាន Dragon 2 របស់ SpaceX និងយាន Starliner របស់ Boeing ដែលសុទ្ធតែកំពុងអភិវឌ្ឍន៍យាន ដើម្បីដឹកជញ្ជូនមនុស្សឡើងទីអវកាស នៅក្រោមកិច្ចសន្យាជាមួយអង្គការ NASA។ យានទាំង ០២គ្រឿងនេះ ត្រូវគេរំពឹងថា នឹងធ្វើការសាកល្បងដឹកមនុស្សនៅក្នុងឆ្នាំ២០១៩ នេះតែម្តង។
គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែមីនា យានអវកាសរុស្ស៊ី Soyuz MS-12 បាននាំយកអវកាសយានិករុស្ស៊ី Alexei Ovchinin រួមទាំងអវកាសយានិកអាមេរិក Christina Koch និង Nick Hague ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិដោយជោគជ័យ។ ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ សហរដ្ឋអាមេរិកបានពឹងផ្អែកទាំងស្រុងទៅលើយាន Soyuz របស់ប្រទេសរុស្ស៊ី ដើម្បីដឹកអវកាសយានិករបស់ខ្លួនឆ្ពោះទៅកាន់ ISS ចាប់តាំងតែពីកម្មវិធីយាន Space Shuttle របស់ NASA ត្រូវបានបិទបញ្ចប់ទៅកាលពីឆ្នាំ២០១១៕