(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកដែលល្បីឈ្មោះម្នាក់នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គម Twitter និងអ្នកប្រើប្រាស់មួយចំនួន ជាមួយការទារសំណងសម្រាប់ជំងឺចិត្តសរុបដល់ទៅជាង២៥០លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
មន្រ្តីបក្សសាធារណរដ្ឋ លោក Devin Nunes ដែលជាតំណាងរាស្រ្តនៃរដ្ឋកាលីហ្វរញ៉ា និងជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានលើកឡើងថា បណ្តាញសង្គម Twitter បានធ្វើការដាក់កំហិតរាំងខ្ទប់ការបញ្ចេញសំឡេងរបស់ក្រុមអ្នកអភិរក្សនិយម ហើយបើកដៃឲ្យគណនីបែកចំអកឡកលើយមួយចំនួន ធ្វើការបរិហារកេរ្តិ៍ក៏ដូចជាប្រមាថមកលើរូបលោក។
ក្នុងពាក្យបណ្តឹងរបស់លោក Nunes បាននិយាយថា Twitter តាមរយៈទង្វើរបស់បណ្តាញទំនាក់ទំនងសង្គមនេះ បានមានចេតនាចង់បង្កើតនិងធ្វើឲ្យរីកសាយភាយនូវព័ត៌មានមិនពិតនិងការបរិហារកេរ្តិ៍អំពីលោក Nunes ក្រោមគោលដៅជះឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតសភានៅអាមេរិកកាលពីឆ្នាំ២០១៨។ ការដាក់ពាក្យបណ្តឹងរបស់លោក Nunes ក៏បានទទួលការគាំទ្រពីសំណាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរ។
គួរជម្រាបថា បច្ចុប្បន្ន ភាពតានកាន់តែបន្តកើនឡើងរវាងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក និងអ្នកនយោបាយអភិរក្សនិយមមួយចំនួន ដែលបានចោទក្រុមហ៊ុនទាំងនេះថា មានភាពលំអៀងប្រឆាំងនឹងពួកគេក៏ដូចជាប្រឆាំងអ្នកបោះឆ្នោត ដែលគាំទ្រអ្នកនយោបាយទាំងនោះ៕