(ហាណូយ)៖ នៅតាមទីជនបទនៃប្រទេសវៀតណាម កាកសំណល់សំរាមជាង ៨០ភាគរយ និងស្ទើរតែរាល់សំបកថ្នាំសម្លាប់សត្វចង្រៃ ពុំត្រូវបានប្រមូលចោលក្នុងលក្ខណៈត្រឹមត្រូវ ដើម្បីជាកិច្ចការពារដល់បរិស្ថាននោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
យោងតាមក្រសួងបរិស្ថាន និងធនធានធម្មជាតិវៀតណាម កាកសំណល់សំរាមជាង ១៣លានតោន និងប្រមាណ ៧,៥០០តោន នៃសំបកថ្នាំសម្លាប់សត្វចង្រៃត្រូវបានយកទៅចោលនៅតាមតំបន់ទីជនបទជារៀងរាល់ឆ្នាំ ប៉ុន្តែបើតាមសារព័ត៌មានវៀតណាម Vietnam News សំរាមទាំងនោះភាគច្រើនត្រូវបានបញ្ចេញចោល ដោយផ្ទាល់ទៅក្នុងបរិស្ថានតែម្តង។
ការសិក្សាស្រាវជ្រាវមួយដែលដឹកនាំដោយលោក ត្រាន ង៉ុកង៉ន (Tran Ngoc Ngoan) ប្រធានវិទ្យាស្ថានសិក្សាពីផលប៉ះពាល់ នៃសកម្មភាពរបស់មនុស្សទៅលើផ្ទៃផែនដី ដែលស្ថិតក្រោមបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមប្រទេសវៀតណាម ការប្រមូលកាកសំណល់សំរាម និងការធ្វើប្រព្រឹត្តកម្មនៅតាមទីជនបទនៃប្រទេសអាស៊ានមួយនេះ នៅមានកម្រិតទាបនៅឡើយ ហើយប្រជាជននៅតំបន់ជនបទ គឺធ្លាប់បោះចោលសំរាមពាសវាលពាសកាលទៅហើយ ដូចជានៅតាមទីសាធារណៈតាមដងផ្លូវ និងប្រឡាយជាដើមដោយពុំមានការគិតគូរពីផលប៉ះពាល់ដល់បរិស្ថាននោះទេ។
យោងតាមការសិក្សារបស់លោក Ngoan បក្សីចិញ្ចឹម ៣១៤.៧លានក្បាល និង សត្វចិញ្ចឹម ៣៧លានក្បាលរបស់ប្រទេសវៀតណាម បានផលិតកាកសំណល់ប្រមាណ ៨៤.៥លានតោនក្នុងមួយឆ្នាំៗ ហើយពាក់កណ្តាលនៃកាកសំណល់ទាំងនោះ ពុំបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មឡើយ គឺត្រូវបានបញ្ចេញចោលទៅក្នុងបរិស្ថានស្រស់ៗតែម្តង។ ម៉្យាងវិញទៀតកំណើនការប្រើប្រាស់ជីគីមី រួមទាំងថ្នាំសម្លាប់សត្វចង្រៃក្នុងកម្រិតច្រើនលើសលុប ក៏ជះផលប៉ះពាល់អវិជ្ជមានដល់ប្រភពទឹក និងដីដែលនៅជុំវិញផងដែរ៕