(ម៉ូស្គូ)៖ នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Boeing លោក ឌែននីស មុយឡេនប៊ឺក (Dennis Muilenburg) បានអះអាងថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះកំពុងចាត់វិធានការ ដើម្បីធានាសុវត្ថិភាពពេញលេញនៃយន្ដហោះត្រកូល 737 MAX ដោយផ្អែកលើអ្វីដែលបានរកឃើញនៅក្នុងការស៊ើបអង្កេត ជុំវិញសោកនាកម្មធ្លាក់យន្ដហោះនៅប្រទេសអេត្យូពី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Muilenburg បានលើកឡើងយ៉ាងដូច្នេះថា «សុវត្ថិភាពគឺជាស្នូលដែលបញ្ជាក់ថា យើងជានរណានៅ Boeing ហើយការធានាសុវត្ថិភាព និងទំនុកចិត្តពីអ្នកដំណើរ ព្រមទាំងអតិថិជនគឺជាតម្លៃ និងការប្ដេជ្ញាចិត្តរបស់យើង... ផ្អែកលើអ្វីដែលបានរកឃើញនៅក្នុងការស៊ើបអង្កេត លើគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air និង Ethiopian Airlines យើងកំពុងចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាពនៃយន្ដហោះត្រកូល 737 MAX យ៉ាងពេញសំដៅទប់ស្កាត់ សោកនាកម្មនៅពេលអនាគតកុំឱ្យកើតឡើង»។
គួរជម្រាបថា គ្រោះថ្នាក់ធ្លាក់យន្ដហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុន Ethiopian Airlines នៅប្រទេសអេត្យូពីបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ ខណៈមូលហេតុធ្លាក់ត្រូវបានសន្និដ្ឋានថា មានភាពស្រដៀងគ្នានឹងសោកនាដកម្មធ្លាក់យន្ដហោះប្រភេទនេះ នៃក្រុមហ៊ុន Lion Air នៅឥណ្ឌូណេស៊ីដែលសម្លាប់ជីវិតមនុស្ស ១៨៩នាក់កាលពីចុងខែតុលា ឆ្នាំ២០១៨ ដែលពាក់ព័ន្ធនឹងដំណើរការនៃប្រព័ន្ធចង្អុលប្រាប់ទិសស្វ័យប្រវត្តិ នៅពេលដែលយន្តហោះជួបគ្រាអាសន្នភ្លាមៗ៕