(ម៉ូស្គូ)៖ ចិនកំពុង​ចងសម្ព័ន្ធភាពកាន់តែជិតស្និទ្ធជាមួយប៉ាគីស្ថាន ដើម្បីទប់ទល់​ជាមួយ​ឥណ្ឌា​ ដូច្នេះហើយ​ការដាក់ពង្រាយ​ឡើងវិញ​ នូវ​នាវាផ្ទុក​យន្ដហោះចម្បាំង នាវាចម្បាំង និង​នាវាមុជទឹក​​នុយក្លេអ៊ែរ​របស់​ទីក្រុងញូដេលី ទៅកាន់តំបន់​សមុទ្រអារ៉ាប់នៃភាគ​ខាងជើង​មហាសមុទ្រឥណ្ឌា​ គឺជាសារមួយផ្ញើជូន​ទីក្រុងប៉េកាំង​យ៉ាងច្បាស់។ នេះបើតាមអ្នក​ជំនាញ​ម្នាក់ ដក​ស្រង់ការចេញផ្សាយ​ដោយ​សារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

អតីតបេសកជន​ឥណ្ឌាប្រចាំប្រទេស​ប៉ាគីស្ថាន លោក ហ្គោផាឡាភូរ៉ាម ផាថាសារ៉ាធី (Gopalapuram Parthasarathy) ធ្វើការកត់​សម្គាល់បែបនេះ​ នៅក្នុង​បទសម្ភាសន៍​ជាមួយ Russian Today នៅក្នុង​សប្ដាហ៍នេះ។ ថ្លែងនាឱកាស​នោះ លោក Parthasarathy បានគូសបញ្ជាក់​​យ៉ាងដូច្នេះថា «ឥណ្ឌាមិនមែន​ព្រួយបារម្ភតែទៅលើ​សកម្មភាពរបស់​ប៉ាគីស្ថាននោះទេ ប៉ុន្តែទីក្រុងញូដេលី​ក៏ខ្វាយខ្វល់ផងដែរ​ ចំពោះអ្វីដែល​ទីក្រុងប៉េកាំង​កំពុងធ្វើ នោះគឺការ​ទប់ស្កាត់ឥទ្ធិពលឥណ្ឌា​ នៅក្នុងតំបន់​មហាសមុទ្រ​ឥណ្ឌា»

អ្នកជំនាញ​រូបនេះ​បន្ថែមថា ចិនកំពុងប្រើប្រាស់ប៉ាគីស្ថានជាឧបករណ៍​ទប់ទល់​នឹងឥណ្ឌា តាមរយៈការផ្គត់ផ្គង់​អាវុធ មីស៊ីល រួមទាំងអាវុធ​នុយក្លេអ៊ែរ​ជាដើម។ ដូច្នេះហើយ​ការដាក់ពង្រាយឡើងវិញ​នូវនាវាផ្ទុកយន្ដហោះ​ចម្បាំង នាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ​របស់ទីក្រុង​ញូដេលី ទៅកាន់តំបន់​សមុទ្រអារ៉ាប់​នៃភាគខាងជើង​មហាសមុទ្រឥណ្ឌា​ គឺជាសារ​មួយ​ផ្ញើជូន ទីក្រុងប៉េកាំង​យ៉ាង​ច្បាស់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ​កន្លងទៅយោធាឥណ្ឌា​ត្រូវបានគេរាយការណ៍ថា បានបញ្ជូននាវា​ចម្បាំង​ឥណ្ឌាជាច្រើន​គ្រឿង ក្នុងនោះរួមមាន​ទាំងនាវាផ្ទុកយន្ដហោះ​ចម្បាំង INS Vikramaditya និងនាវាមុជទឹក​នុយក្លេអ៊ែរ​ ទៅកាន់តំបន់ក្បែរ​ដែនទឹក​របស់ប៉ាគីស្ថាន ដើម្បីទប់ស្កាត់​សកម្មភាពបង្ករឿង​ណាមួយ ពីទីក្រុង​អ៊ីស្លាម៉ាបាដ៕