(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737-800 បានធ្វើការចុះចតទាំងប្រថុយប្រថាននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង សូឈី (Sochi) នៃប្រទេសរុស្ស៊ី បន្ទាប់ពីបានហោះចេញមកពីទីក្រុងម៉ូស្គូ ទាំងដែលក្រុមអាកាសយានិកដឹងថា ស្លាបមួយចំហៀងរបស់វា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
សារព័ត៌មានខាងលើបានបន្តទៀតថា យន្តហោះ Boeing នេះមានផ្ទុកអ្នកដំណើរ ១០៦នាក់ បានចាកពីអាកាសយានដ្ឋានអន្តរជាតិ ហ្សែរែមេទីយែវ៉ូ (Sheremetyevo) នៃរដ្ឋធានីម៉ូស្គូ ហើយបានព្យាយាមហោះសម្តៅមកកាន់អាកាសយានដ្ឋានអន្តរជាតិ Sochi ទាំងដែលស្លាបមួយចំហៀងរបស់វាកំពុងមានបញ្ហា ប៉ុន្តែជាសំណាងល្អដែលការចុះចតនោះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈព័ត៌មាននេះទើបបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះប៉ុណ្ណោះ (ពេលវេលានៅទីក្រុងម៉ូស្គូ)។
គួរបញ្ជាក់តាមសម្តីមន្ត្រីជំនាញរុស្ស៊ីឲ្យដឹងថា «យន្តហោះខាងលើនេះនៅតែព្យាយាមធ្វើការចុះចត ទោះបីជាដឹងថាម៉ាស៊ីនផ្នែកស្លាបមួយចំហៀងកំពុងជួបបញ្ហាក៏ដោយ»។ នៅពេលយន្តហោះ Boeing 737-800 បានធ្វើដំណើរមកជិតដល់ទីក្រុង Sochi អាកាសយានដ្ឋានអន្តរជាតិនេះទាំងមូលត្រូវបានក្រើនរំលឹកដោយសញ្ញាប្រកាសអាសន្ន រហូតទាល់តែយន្តហោះជាមួយអ្នកដំណើរ ១០៦នាក់នេះ ចុះចតប្រកបដោយសុវត្ថិភាព៕