(វ៉ាស៊ីនតោន)៖ ក្រុមការងារនៃបេសកកម្ម New Horizon របស់ទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃចន្ទសប្តាហ៍នេះ បានបក ស្រាយឲ្យដឹងនូវអាថ៌កំបាំងមួយចំនួននៃដុំថ្មអវកាស Ultima Thule ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) នៅឯចុង ប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
យានអវកាស New Horizon បានធ្វើការហោះឆ្វែល (Flyby) ដែលឆ្ងាយពីផែនដីបំផុតក្នុងប្រវត្តិសាស្រ្ត កាលពីថ្ងៃឆ្លងឆ្នាំសកល ដោយវាបានធ្វើដំណើរទៅកាន់ចម្ងាយ ៣,៥៤៩គីឡូម៉ែត្រពីផ្ទៃ របស់ថ្មអវកាសនេះ ជាមួយល្បឿន ៥០,៦៩៤គីឡូម៉ែត្រ ក្នុង មួយ ម៉ោង។ បើតាមសេចក្តីប្រកាសរបស់ NASA តាមរយៈការវិភាគលើទិន្នន័យទាំងប៉ុន្មាន ដែល New Horizon បានបន្តបញ្ជូន មក កាន់ផែនដីចាប់តាំងពីពេលនោះមក ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងបង្កើនការយល់ដឹងកាន់តែច្រើនអំពី សណ្ឋាន ភូមិសាស្រ្ត និង សមាសធាតុ របស់វត្ថុបុរាណមួយនេះ ដែលនៅសេសសល់ពីការកកើតនៃប្រព័ន្ធផ្កាយរបស់យើង។
គួរជម្រាបថា អ្វីដែលអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA បានដឹងនាពេលនេះ គឺវាច្បាស់១០០ភាគរយថា Ultima Thule គឺជា ដុំ ថ្មអវកាសពីរដែលនៅជាប់គ្នា ដោយផ្នែកមួយមានរាងសំប៉ែត និងធំ ត្រូវគេដាក់ឈ្មោះឲ្យថា Ultima និងផ្នែកមួយទៀតរាង តូច តែ មានលក្ខណៈមូលជាងត្រូវបានហៅថា Thule។ ដុំថ្មទាំងពីរ ត្រូវគេជឿថា កាលពីអតីតកាលធ្លាប់បានគោចរជុំវិញគ្នា រហូតដល់ ពេលអ្វីម៉្យាងបានធ្វើឲ្យពួកវាខាំជាប់គ្នា។
រីឯពណ៌និងសមាសធាតុនៃដុំថ្មអវកាស Ultima Thule គឺមានពណ៌ក្រហមខ្លាំង ពោលគឺក្រហមខ្លាំងជាង ភពមិនពេញលក្ខណៈ ភ្លុយតូ (Pluto) ទៅទៀត ដែលត្រូវបានយាន New Horizon ហោះកាត់កាលពី២០១៥ នៅតំបន់ផ្នែកខាងក្នុងនៃខ្សែក្រវាត់ខៃភើ ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្ត ក៏ បានឃើញពីភស្តុតាងនៃសារធាតុមេតាណុល ទឹកកក និងម៉ូលេគុលសរីរាង្គ នៅលើផ្ទៃ របស់ដុំថ្ម Ultima Thule។
បច្ចុប្បន្ន យានអវកាស New Horizons កំពុងស្ថិតនៅចម្ងាយ៦.៦ពាន់លានគីឡូម៉ែត្រពីភពផែនដី៕