(ម៉ូហ្សំបិក)៖ ប្រធានាធិបតីម៉ូហ្សំបិក លោក Filipe Nyusi បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Idai និងគ្រោះទឹកជំនន់នៅក្នុងប្រទេសអាហ្រ្វិកខាងកើតមួយនេះ អាចនឹងកើនឡើងលើស១,០០០នាក់ ដែលច្រើនជាងតួរលេខនា បច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់វិទ្យុនៅក្នុងស្រុកនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Filipe Nyusi បានបញ្ជាក់ទៀតថាមកទល់នឹងពេលនេះ មនុស្ស៨៤ នាក់បានបាត់បង់ជីវិតដោយសារព្យុះស៊ីក្លូន Idai និងគ្រោះទឹកជំនន់នៅក្នុងប្រទេសម៉ូហ្សំបិក ខណៈប្រទេសម៉ាឡាវី និងស៊ីមបាវ៉េសុទ្ធតែរងគ្រោះដោយសារខ្យល់ព្យុះដ៏ប្រល័យមួយនេះ។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Idai ក៏បានសម្លាប់មនុស្ស៩៨នាក់ និងច្រើនជាង២០០នាក់បាត់ខ្លួននៅក្នុងប្រទេសស៊ីមបាវ៉េផងដែរ ស្របពេលមនុស្ស៥៦នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅប្រទេសម៉ាឡាវី កាលពីសប្ដាហ៍មុន៕