(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ថាសហរដ្ឋអាមេរិក និងជប៉ុនកំពុងធ្វើការងាររួមគ្នាលើការអភិវឌ្ឍ ប្រព័ន្ធរ៉ាដា៣៦០ដឺក្រេថ្មីមួយ សម្រាប់ប្រព័ន្ធមីស៊ីល Aegis ដែលបំពាក់លើនាវាចម្បាំងអាមេរិកដើម្បីពង្រឹងសមត្ថភាពការពារ ខ្លួន៕
២៖ យោធាសហរដ្ឋអាមេរិកកំពុងពិចារណារក្សាទុកកម្លាំងទ័ពរហូតដល់១,០០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលវាគឺកាន់តែឃ្លាតឆ្ងាយទៅៗពីគម្រោងដើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ដកទ័ពចេញទាំងអស់៕
៣៖ ប្រទេសហ្វីលីពីនបានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាផ្លូវការហើយកាលពីថ្ងៃអាទិត្យ ពោលគឺមួយឆ្នាំបន្ទាប់ពីបានប្រាប់អង្គការសហប្រជាជាតិថា ខ្លួននឹងដកសមាជិកភាពចេញពីតុលាការអន្តរជាតិដ៏ធំមួយនេះ៕
៤៖ ប៉ូលិសបានឲ្យដឹងថា មនុស្សមួយចំនួនបានទទួលរងរបួសក្នុងករណីបាញ់ប្រហារមួយនៅទីក្រុង យូតរិច (Utrecht) ដែលស្ថិតនៅភាគកណ្តាលប្រទេសហូឡង់៕
៥៖ គ្រោះធម្មជាតិពីរដាច់ដោយឡែកពីគ្នានោះគឺគ្រោះធម្មជាតិទឹកជំនន់ និងបំណាក់ដីនៅក្នុងខេត្តប៉ាពួរ (Papua) ភាគខាងកើត ប្រទេស បានផ្តាច់ជីវិតប្រជាជនសរុប ៧៧នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ ខណៈភ្ញៀវទេសចរ ០៣នាក់ ក្នុងនោះមានជនបរទេស ០២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីដែលបង្កទៅជាបំណាក់ដី សង្កត់រម្មណីយដ្ឋានមួយកន្លែងនៅឯកោះលុមបុក (Lombok) នៃខេត្តនូសា តេងហ្គារ៉ា (Nusa Tenggara) ភាគខាងលិច៕
៦៖ គ្រោះថ្នាក់រថភ្លើងពីរខ្សែបុកគ្នាយ៉ាងពេញទំហឹង បាននិងកំពុងបង្ករការរាំងស្ទះយ៉ាងខ្លាំង ដល់សេវាកម្មដឹកជញ្ជូននៅក្នុងទីក្រុងហុងកុងនៅថ្ងៃចន្ទនេះ ខណៈអ្នកដំណើររាប់ពាន់នាក់រងផលប៉ះពាល់៕