(ហូឡង់)៖ ប៉ូលិសបានឲ្យដឹងថា មនុស្សមួយចំនួនបានទទួលរងរបួសក្នុងករណីបាញ់ប្រហារមួយនៅទីក្រុង យូតរិច (Utrecht) ដែលស្ថិតនៅភាគកណ្តាលប្រទេសហូឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
យ៉ាងណាមិញ វាមិនទាន់ច្បាស់នៅឡើយទេថា មានរឿងអ្វីកើតឡើងឲ្យប្រាកដ នៅក្នុងកន្លែងកើតហេតុ។ បើតាមសម្តីសាក្សីខ្លះៗវិញ ហេតុការណ៍បាញ់ប្រហារនេះ បានកើតមាននៅក្នុងយានជំនិះ Tram មួយគ្រឿង។ ប៉ូលិសហូឡង់បានឲ្យដឹងថា ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែកំពុងស្ថិតក្រោមការតាមចាប់ខ្លួន។
គួរជម្រាបថា ខណៈសេវាសង្រ្គោះបន្ទាន់រួមមានទាំងប៉ូលិស និងឧទ្ធម្ភាគចក្រពេទ្យកំពុងស្ថិតនៅកន្លែងកើតហេតុ ហើយតំបន់នោះត្រូវបានបិទមិនឲ្យសាធារណជនចេញចូលឡើយ៕