(កង់បេរ៉ា)៖ យុវជនដែលបានយកពងមាន់ទៅខោកក្បាល សមាជិកព្រឹទ្ធសភាអូស្រ្តាលីម្នាក់ដែលមានទំនោរស្តាំនិយមនោះ ដោយសារតែពាក្យសម្តីគេចោទថា មិនសមរម្យរបស់លោកជុំវិញករណីបាញ់ប្រហារនៅព្រះវិហារក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) នៃប្រទេសនូវែលសេឡង់ ត្រូវបានលើកតម្កើងជា «វីរៈបុរស» ដោយបណ្តាអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណែត ដែលបានរួមគ្នារៃអង្គាសលុយរាប់ពាន់ដុល្លារ ដើម្បីគាំទ្រដល់គោលជំហររបស់យុវជនរូបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
យុវជនខាងលើឈ្មោះ វីលៀម ខុនណូលលី (William Connolly) ដែលឥឡូវត្រូវគេស្គាល់ថា «Eggboy ឬក្មេងប្រុសពងមាន់» បានយកពងមាន់មួយគ្រាប់ទៅគោះក្បាលលោក ហ្វ្រេស៊ឺ អាននីង (Fraser Anning) ដែលជាសមាជិកព្រឹទ្ធសភាអូស្រ្តាលី កំឡុងពេលរូបលោកកំពុងឈរធ្វើអត្ថាធិប្បាយជាមួយក្រុមអ្នកសារព័ត៌មាន នៅឯទីក្រុង មែលប៊ន (Melbourne) នៅថ្ងៃអាទិត្យសប្តាហ៍មុន។
លោក Anning បានបង្កឲ្យមហាជនភាគច្រើនមានការមិនពេញចិត្តជាខ្លាំង តាមរយៈការលើកឡើងថា ករណីបាញ់ប្រហារនៅនូវែលសេឡង់ ដែលបានផ្តាច់ជីវិតមនុស្ស ៥០នាក់ នៅក្នុងព្រះវិហារអ៊ីស្លាមពីរកន្លែងនោះ គឺបណ្តាលមកពីការធ្វើអន្តោប្រវេសន៍ នៃជនមូស្លីមទៅកាន់ប្រទេសនូវែសេឡង់ ខណៈដែលជនរងគ្រោះទាំងអស់ គឺសុទ្ធសឹងតែអ្នកកាន់សាសនាអ៊ីស្លាម។
គួរជម្រាបថា ទង្វើរបស់យុវជន Connolly ទទួលបានគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក ដោយក្នុងនោះរួមមានទាំងការរួមគ្នារៃអង្គាសប្រាក់បានដល់ ៣១,០០០ដុល្លារថែមទៀតផង។ ទន្ទឹមនេះដែរពាក្យសម្តីរបស់លោក Anning ក៏បានទទួលរងការថ្កោលទោសពីនាយករដ្ឋមន្រ្តីអូស្រ្តាលីផ្ទាល់ គឺលោក ស្កុត ម៉ារីសុន (Scott Marrison) ក៏ដូចជាអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ខេវិន រ៉ាដដ៍ (Kevin Rudd) ដែលបានជំរុញប្រជាជនអូស្រ្តាលីឲ្យរួមគ្នាដាក់ញត្តិទាមទារឲ្យលោក Anning លាលែងពីព្រឹទ្ធសភាថែមទៀតផង៕