(ហុងកុង)៖ គ្រោះថ្នាក់រថភ្លើងពីរខ្សែបុកគ្នាយ៉ាងពេញទំហឹង បាននិងកំពុងបង្ករការរាំងស្ទះយ៉ាងខ្លាំង ដល់សេវាកម្មដឹកជញ្ជូននៅក្នុងទីក្រុងហុងកុងនៅថ្ងៃចន្ទនេះ ខណៈអ្នកដំណើររាប់ពាន់នាក់រងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
អ្នកបើកបររថភ្លើងទាំងពីរគ្រឿង ដែលប្រតិបត្តិដោយក្រុមហ៊ុន MTR Corp ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយអាជ្ញាធរក៏បានអំពាវនាវផងដែរឱ្យអ្នកដំណើរទាំងអស់ ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរ ឬជិះខ្សែរថភ្លើងផ្សេងជាបណ្ដោះអាសន្ន ពីព្រោះសេវាកម្ម នៅចន្លោះស្ថានីយរថភ្លើង ត្សូអិនវ៉ាន (Tsuen Wan Line) និងស្ថានីយកណ្ដាលត្រូវបានផ្អាកសកម្មភាព។
គួរបញ្ជាក់ថា នៅពេលមានហេតុការណ៍បុកគ្នា គឺចំពេលការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធសញ្ញាបញ្ជាថ្មី ប៉ុន្តែសំណាងល្អដែលរថភ្លើងទាំងពីរគ្រឿងខាងលើ មិនមានដឹកអ្នកដំណើរណាម្នាក់នោះទេ។ ចំណែកឯអាជ្ញាធរទីក្រុងហុងកុង កំពុងស៊ើបអង្កេតលើគ្រោះថ្នាក់នេះ ដែលកម្រនឹងកើនឡើងណាស់លើបណ្ដាញរថភ្លើងដែក ប្រើប្រាស់ដោយមនុស្សជិត ០៦លាននាក់ជារៀងរាល់សប្ដាហ៍ នៃថ្ងៃធ្វើការនៅទីក្រុងហុងកុង៕