ឥណ្ឌូណេស៊ី៖ ប្រជាជនសរុប៧៧នាក់ស្លាប់ក្នុងគ្រោះទឹកជំនន់ និងអ្នកទេសចរ០៣នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដី (Photo inside)
18-03-2019 15:37
(ហ្សាការតា)៖ គ្រោះធម្មជាតិពីរដាច់ដោយឡែកពីគ្នានោះគឺ គ្រោះធម្មជាតិទឹកជំនន់ និងបំណាក់ដីនៅក្នុងខេត្តប៉ាពួរ (Papua) ភាគខាងកើតប្រទេស បានផ្តាច់ជីវិតប្រជាជនសរុប ៧៧នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ ខណៈភ្ញៀវទេសចរ ០៣នាក់ ក្នុងនោះមានជនបរទេស ០២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីដែលបង្កទៅជាបំណាក់ដី សង្កត់រម្មណីយដ្ឋានមួយកន្លែងនៅឯកោះលុមបុក (Lombok) នៃខេត្តនូសា តេងហ្គារ៉ា (Nusa Tenggara) ភាគខាងលិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ីគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីបានកើតមានឡើងនៅក្នុងខេត្ត Papua កាលពីចុងសប្តាហ៍មុននេះ ដោយសារតែតំបន់ខាងលើបានទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ ហើយកាលពីថ្ងៃអាទិត្យម្សិញមិញនេះ តួលេខពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឲ្យដឹងថា មនុស្សស្លាប់មានចំនួន ៥៨នាក់ ប៉ុន្តែក្រោយការរកឃើញសាកសពបន្ថែមទៀតនៅថ្ងៃចន្ទនេះ ទើបចំនួនបានកើនដល់ ៧៧នាក់ ខណៈមានការព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងថែមទៀត។
ដោយឡែកគ្រោះរអិលបាក់ដីមួយទៀត ដែលបានសម្លាប់ជីវិតមនុស្ស ០៣នាក់នោះ បានកើតឡើងបន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារនៅលើកោះ Lombok ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។ គ្រោះរញ្ជួយដីនេះបានវាយប្រហារលើតំបន់ស្ថិតនៅចំងាយ ០៤គីឡូម៉ែត្រ ពីកោះ សេមបាលុនប៊ុមបាំង (Sembalunbumbung) កាលពីថ្ងៃអាទិត្យ ជាមួយជម្រៅរញ្ជួយទៅក្នុងដី ២៣.៦១គីឡូម៉ែត្រ៕