(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា មនុស្សពីរនាក់ត្រូវបានរថភ្លើងបុក និងកិនស្លាប់ នៅស្រុកហ៊ីងហ្គោលី (Hingoli) ក្នុងរដ្ឋមហារ៉ាស្ត្រា (Maharashtra) នៅពេលកំពុងតែជក់លេងហ្គេមអនឡាញលើទូរស័ព្ទ PUBG។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
បើតាមការបញ្ជាក់ពីប៉ូលិសឥណ្ឌូណេស៊ី ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាល្ងាចថ្ងៃអាទិត្យ នៅពេលមនុស្សពីរនាក់ជាមិត្តនឹងគ្នាឈ្មោះ ណាហ្គៃស ហ្គោរ៉េ (Nagesh Gore) អាយុ ២៤ឆ្នាំ និងឈ្មោះ ស្វាពនីល អាណាភួណេ (Swapnil Annapurne) អាយុ ២២ឆ្នាំ កំពុងតែបាញ់ហ្គេម PUBG នៅក្បែរផ្លូវរថភ្លើង ហើយសាកសពរបស់អ្នកទាំងពីរត្រូវបានមនុស្សម្នាដែលរស់នៅក្បែរនោះ ប្រទះឃើញនាវេលាយប់ថ្ងៃដដែល ដែលអាចជាការលេងរហូតភ្លេចខ្លួនហើយចុះទៅលើផ្លូវដែក រួចក៏ត្រូវបានរថភ្លើងកិនស្លាប់តែម្តង។
គួរជម្រាបថា ហ្គេម PUBG ដែលមានឈ្មោះពេញថា Player Unknown's Battleground គឺជាហ្គេមអនឡាញដ៏ល្បីដែលប្រភពដើមចេញពីប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានក្រុមអ្នកជំនាញអះអាងថា ធ្វើឲ្យអ្នកលេងញៀននឹងវាខ្លាំងបំផុត ខណៈនៅតាមតំបន់មួយចំនួននៃប្រទេសឥណ្ឌា ក៏មានការចេញបម្រាមមិនឲ្យលេងហ្គេមនេះផងដែរ ដោយសារតែវាធ្វើឲ្យមនុស្សជាពិសេសក្មេងៗតែម្តងញៀនអត់មិនបាន និងជះឥទ្ធិពលអវិជ្ជមានច្រើនក្នុងសង្គមយុវវ័យ៕