(ហ្សាការតា)៖ សាកសពមនុស្សដែលត្រូវបានរកឃើញ ក្រោយការវាយលុកពីទឹកជំនន់នៅខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ បានកើនដល់៦៣នាក់ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះកំពុងបន្តប្រព្រឹត្តទៅដដែល ដោយសារនៅមានមនុស្សមួយចំនួនទៀតបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ ក្រៅពីផ្តាច់ជីវិតមនុស្ស បានបង្កការបំផ្លិចបំផ្លាញដល់សំណង់អគារ ផ្ទះសម្បែរ ស្ពាន និងប្រព័ន្ធរចនាសម្ព័ន្ធឯទៀតៗ ជាមួយគ្នានេះ មនុស្សជាច្រើននាក់ត្រូវបានជួយសង្រ្គោះ ក៏ប៉ុន្តែមានអ្នករងរបួសដល់ទៅ៥៩នាក់ ដោយក្នុងនោះ២១នាក់របួសធ្ងន់។
គួរជម្រាបថា គ្រោះទឹកជំនន់ខាងលើបានកើតឡើងកាលពីវេលាម៉ោង០៦៖០០នាទីយប់ថ្ងៃសៅរ៍ (ម៉ោងនៅឥណ្ឌូណេស៊ី) និងបានបង្ខំឲ្យអ្នករស់នៅក្នុងតំបន់ Sentani ប្រមាណ៣,០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីទៅរកទីកន្លែងសុវត្ថិភាព។ គ្រោះរអិលបាក់និងទឹកជំនន់ តែងតែកើតមានឡើងជារឿយៗ នៅក្នុងប្រទេសឥណ្ឌូណស៊ី ជាពិសេសក្នុងអំឡុងរដូវធ្លាក់ភ្លៀង ដែលជាទូទៅនៅចន្លោះខែកក្កដានិងមេសា៕