(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទ Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសរបស់លោកថា កំពុងតែជួយបង្កើនភាពជឿនលឿននៃវិស័យយោធាចិន តាមរយៈការធ្វើអាជីវកម្មនៅក្នុងប្រទេសអាស៊ីមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
ក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter នាថ្ងៃសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ក្រុមហ៊ុន Google កំពុងជួយចិននិងវិស័យយោធារបស់ពួកគេ គឺមិនមែនសហរដ្ឋអាមេរិក ពិតជាមិនល្អទាល់តែសោះ»។ កាលពីថ្ងៃទី១៤ ខែមីនា មេបញ្ជាការយោធាអាមេរិក លោក Joseph Dunford ក៏បានថ្លែងប្រាប់សភាផងដែរថា ក្រសួងការពារជាតិអាមេរិក មានការព្រួយបារម្ភខ្លាំងថា Google កំពុងជួយបង្កើនភាពជឿនលឿននៃវិស័យយោធារបស់ចិន តាមរយៈការធ្វើអាជីវកម្មក្នុងប្រទេសចិន។
គួរជម្រាបថា បើតាមការបកស្រាយរបស់រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan អាជីវកម្មរបស់ក្រុមហ៊ុននិងការអភិវឌ្ឍនៃវិស័យយោធា គឺមានទំនាក់ទំនងដោយផ្ទាល់រវាងគ្នា ហើយលោកក៏បានអះអាងដែរថា ការលួចបច្ចេកវិទ្យាអាមេរិកជាប្រព័ន្ធដោយក្រុមហ៊ុនចិន កំពុងតែជួយបង្កើនការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង នៅក្នុងវិស័យការពារជាតិ៕