(ហ្សាការតា)៖ ទឹកជំនន់បង្កឡើងដោយការធ្លាក់ភ្លៀងជោគជាំ នៅខេត្ត Papua ចុងភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី បានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ចំនួន៤២ និងបានបង្កឲ្យរបួសធ្ងន់២១នាក់ផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
បើតាមលោក Sutopo Purwo មន្រ្តីអ្នកនាំពាក្យទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា តំបន់ Sentani ដែលស្ថិតក្បែរទីក្រុង Jayapura នៃខេត្ត Papua បានទទួលរងភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃសៅរ៍ម្សិលមិញមក ដែលបានបណ្តាលឲ្យកើតជាទឹកជំនន់ឡើង។ ក្រៅពីមនុស្សរងគ្រោះ ផ្ទះសម្បែងយ៉ាងតិច៩ខ្នង និងស្ពាន២ខ្សែ ត្រូវបានបង្កការខូចខាតដោយគ្រោះទឹកជំនន់។ អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាក់ថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងថែមទៀត ខណៈក្រុមរុករកនិងជួយសង្រ្គោះ ពុំទាន់អាចទៅដល់ចំណុចទីតាំងដែលទទួលរងការប៉ះពាល់ទាំងអស់នៅឡើយទេ។
គួរជម្រាបថា គ្រោះរអិលបាក់និងទឹកជំនន់ តែងតែកើតមានឡើងជារឿយៗ នៅក្នុងប្រទេសឥណ្ឌូណស៊ី ជាពិសេសក្នុងអំឡុងរដូវធ្លាក់ភ្លៀង ដែលជាទូទៅនៅចន្លោះខែកក្កដានិងមេសា៕