(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) បានប្រកាសពីការបើកសមយុទ្ធយោធាដំណាក់កាលទីពីរ បន្ទាប់ពីមានបញ្ហាដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងផ្ទៃប្រទេសអស់ជាងមួយសប្តាហ៍មក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
ថ្លែងក្នុងសារដែលបង្ហោះនៅលើបណ្តាញសង្គម Twitter លោក ម៉ាឌូរ៉ូ បានលើកឡើងថា សមយុទ្ធយោធា Ana Karina Rote បានចាប់ផ្តើមប្រព្រឹត្តទៅហើយ ដើម្បីការពារបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ ហើយលោកនឹងពុំអនុញ្ញាតឲ្យសត្រូវណា មកលួចយកសន្តិភាពរបស់ប្រជាជនវេណេស៊ុយអេឡាដ៏អង់អាចបានទៀតឡើយ។ រីឯនៅថ្ងៃសុក្រ លោក ម៉ាឌូរ៉ូ ក៏បានប្រកាសពីការបង្កើតក្រុមថ្មីមួយ នៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលមានតួនាទីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសផងដែរ។
គួរជម្រាបថា ដំណាក់កាលទីមួយនៃសមយុទ្ធយោធាទ្រង់ទ្រាយធំនៅប្រទេសវេណេស៊ុយអេឡា ដែលមានឈ្មោះថា Angostura ត្រូវបានធ្វើឡើងកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ។ ចំណែកលើកនេះវិញ ការហ្វឹកហាត់គឺផ្តោតសំខាន់ទៅលើកិច្ចការពារបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ ក្រោយមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបានកើតឡើងកាលពីសប្តាហ៍មុន និងទើបតែវិលទៅរកសភាពធម្មតាវិញនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះតែប៉ុណ្ណោះ ដោយលោក ម៉ាឌ៉ូផ្ទាល់ បានចោទថា វាគឺជាស្នាដៃរបស់សហដ្ឋអាមេរិក៕