(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ព្រឹទ្ធសភាហ្វីលីពីននឹងបើកការស៊ើបអង្កេតមួយលើវិបត្តិខ្វះទឹកប្រើប្រាស់នៅតាមតំបន់ជាច្រើននៃរដ្ឋធានីម៉ានីល ខណៈវាកំពុងរាលដាលដល់សង្កាត់ពាណិជ្ជកម្មក្នុងទីក្រុង Makati រីឯប្រជាជនជាង៦.៨លាននាក់រងផលប៉ះពាល់ដោយសារ វិបត្តិមួយនេះ៕
២៖ យោធាអាហ្វហ្គានីស្ថាននៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធច្រើនជាង ៥១នាក់ត្រូវបានសម្លាប់ និងជាច្រើន នាក់រងរបួស នៅក្នុងស្រុក បាឡា មើហ្គាប់ (Bala Murghab) ខេត្តបាដហ្គីស (Badghis) នៃភាគខាងលិចប្រទេសអាហ្វហ្គានី ស្ថានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕
៣៖ ជនសង្ស័យដ៏សំខាន់ម្នាក់នៅក្នុងការបាញ់ប្រហារសម្លាប់មនុស្ស៤៩នាក់ និងរបួសច្រើនជាង៤០នាក់ នៅឯវិហារអ៊ីស្លាម ចំនួន២ ក្នុងប្រទេសនូវែលសេឡង់ ត្រូវបានចោទប្រកាន់ពីបទមនុស្សមនុស្សឃាត អំឡុងពេលបង្ហាញខ្លួននៅចំពោះមុខ តុលាការនៅថ្ងៃសៅរ៍នេះ៕
៤៖ ពីឡុតអាមេរិកដ៏ល្បីឈ្មោះម្នាក់ឈ្មោះ ឆេស្លេយ ស៊ូលឡេងប៊ឺហ្គឺ (Chesley B. Sullenberger) បានរិះគន់យ៉ាងខ្លាំងថា ក្រុមហ៊ុនផលិតយន្ដហោះ Boeing គ្មានសមត្ថភាពដោះស្រាយកំហុសរបស់ខ្លួន ពាក់ព័ន្ធនឹងយន្ដហោះត្រកូល Boeing 737 MAX ហើយថា ពីឡុតបញ្ជាយន្ដហោះដែលធ្លាក់នៅអេត្យូពី គឺបានខ្វះខាតការបណ្ដុះបណ្ដាលជំនាញជាទីបំផុត៕
៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រើសិទ្ធិវេតូប្រឆាំងនឹងដំណោះស្រាយដែលរាំងខ្ទប់ការប្រកាសអាសន្នផ្នែកសន្តិសុខនៅឯតំបន់ព្រំដែន ដែលនេះគឺជាការសម្រេចចិត្តលើកដំបូងបំផុត ក្នុងអាណត្តិរបស់លោក៕
៦៖ ការសិក្សាស្រាវជ្រាវរួមគ្នាមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន និងសហរដ្ឋអាមេរិក បានរកឃើញថា រយៈពេល ៣០ឆ្នាំចុងក្រោយនេះ គឺជាពេលដែលអាកាសធាតុក្ដៅបំផុត បើគិតក្នុងអំឡុងពេល ២,០០០ឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងពីសកម្មភាពមនុស្សបន្តិចម្តងៗ៕