(នូវែលសេឡង់)៖ ជនសង្ស័យភេរវករបាញ់សម្លាប់មនុស្ស ៤៩នាក់នៅនូវែលសេឡង់ ឈ្មោះ ប្រេនតុន តារ៉ែនត៍ (Brenton Tarrant) ត្រូវបានគេអះអាងថា ធ្លាប់ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរបន្ទាប់ពីរូបគេបានធ្វើដំណើរទៅកាន់អឺរ៉ុប និងកូរ៉េខាងជើង ដោយបានស្ពាយមកវិញនូវគំនិតជ្រុលនិយម និងរើសអើងពូជសាសន៍មកជាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ ប្រេនតុន តារ៉ែនត៍ មានអាយុ ២៨ឆ្នាំ បានចម្រើនធំធាត់នៅក្នុងទីក្រុង ហ្គ្រាហ្វតុន (Grafton) នៃភាគខាងជើងរដ្ឋ ញូសោតវែលស៍ (New South Wales) ជាទីដែលបុរសរូបនេះបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបម្រើការក្នុងក្លឹបហាត់ប្រាណមួយកន្លែងនៅក្នុងតំបន់ កាលពីឆ្នាំ២០០៩ មុនឈប់ពីការងារនៅឆ្នាំ២០១១។ ដោយឡែក ម្ចាស់ក្លឹបហាត់ប្រាណខាងលើ គឺលោកស្រី ត្រេសេយ ហ្គ្រេយ៍ (Tracey Gray) បានបញ្ជាក់ប្រាប់សារព័ត៌មាន ABC ថា តារ៉ែនត៍ គឺជាមនុស្សធម្មតា និងប្រឹងធ្វើការក្នុងមានជាគ្រូបង្ហាត់ការហាត់ប្រាណម្នាក់។ ប៉ុន្តែរូបគាត់បានផ្លាស់ប្ដូរបន្ទាប់ពីបានធ្វើដំណើរទៅកាន់ ទ្វីបអឺរ៉ុប និងអាស៊ី ក្នុងនោះរួមមានទាំងកូរ៉េខាងជើង និងប៉ាគីស្ថានជាដើម។
លើសពីនេះទៅទៀត នៅក្នុងកំណត់ហេតុមានកម្រាស់ ៧៤ទំព័រ បុគ្គលឈ្មោះ តារ៉ែនត៍ ខ្លួនឯងបាននិយាយថា បានចាប់ផ្ដើមគិតពីការវាយប្រហារមួយនៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៧ នៅអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសបារាំង និងបណ្ដាប្រទេសអឺរ៉ុប ជាទីដែលបុរសរូបនេះកាន់តែមានគំនិតស្អប់ជនអន្តោប្រវេសន៍។ នៅក្នុងកំណត់ហេតុដដែល តារ៉ែនត៍ បានអះអាងថា លោកចង់យកគំរូតាមបុគ្គលជ្រុលនិយមក្នុងនោះមានដូចជា ឃាតកឈ្មោះ អាន់ដឺស បេរីង ប្រេយវីក (Anders Behring Breivik) ដែលបានសម្លាប់ មនុស្ស ៧៧នាក់នៅក្នុងប្រទេសន័រវេសកាលពីឆ្នាំ២០១១ និងកំពូលអ្នកនយាបាយហ្វាស៊ីសអង់គ្លេស លោក អូស្វាលដ៍ ម៉ូស្លេយ (Oswald Mosley) ជាដើម។
បើតាមការបញ្ជាក់ចុងក្រោយរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) មនុស្ស ៤៩នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារកាលពីថ្ងៃសុក្រ និងមនុស្ស ៣៩នាក់បន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះមាន ១១នាក់មានសភាពធ្ងន់ធ្ងរ។ ក្រោយចាប់ខ្លួនជនសង្ស័យ ប៉ូលិសបានរកឃើញកាំភ្លើង ០៥ដើម ក្នុងនោះមាន ០២ដើមជាប្រភេទកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ។ បន្ថែមពីលើនេះ លោកស្រី ក៏បានសន្យាដែរថា រដ្ឋាភិបាលនូវែលសេឡង់នឹងផ្លាស់ប្ដូរច្បាប់គ្រប់គ្រងកាំភ្លើង ដើម្បីបង្កើនសុវត្ថិភាពគ្រប់គ្រងអាវុធឡើងវិញ។
គួរជម្រាបថា ជនសង្ស័យភេរវករឈ្មោះ ប្រេនតុន តារ៉ែនត៍ (Brenton Tarrant) អាយុ ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយរូបគេនឹងត្រូវបង្ហាញខ្លួនជាថ្មីក្នុងសវនាការលើកក្រោយ នៅឯតុលាការជាន់ខ្ពស់នៃទីក្រុង ក្រៃស៍ឆឺច (Christchurch) នៅថ្ងៃទី០៥ ខែមេសាខាងមុខ។ ប៉ុន្តែមូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេ ក្រៅពីនូវែលសេឡង់ចាត់ទុកថាវាថា ជាអំពើភេររវកម្មដ៏សាហាវព្រៃផ្សៃបំផុត និងត្រូវបានរៀបចំគំរោងយ៉ាងល្អិតល្អន់ជាយូរណាស់មកហើយ៕