(វ៉ាស៊ីនតោន)៖ ពីឡុតអាមេរិកដ៏ល្បីឈ្មោះម្នាក់ឈ្មោះ ឆេស្លេយ ស៊ូលឡេងប៊ឺហ្គឺ (Chesley B. Sullenberger) បានរិះគន់យ៉ាងខ្លាំងថា ក្រុមហ៊ុនផលិតយន្ដហោះ Boeing គ្មានសមត្ថភាពដោះស្រាយកំហុសរបស់ខ្លួន ពាក់ព័ន្ធនឹងយន្ដហោះត្រកូល Boeing 737 MAX ហើយថា ពីឡុតបញ្ជាយន្ដហោះដែលធ្លាក់នៅអេត្យូពី គឺបានខ្វះខាតការបណ្ដុះបណ្ដាលជំនាញជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
លោក Sullenberger ធ្វើការកត់សម្គាល់បែបនេះ នៅលើសារមួយបង្ហោះលើ Facebook នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីការកើតមានគ្រោះថ្នាក់ធ្លាក់យន្ដហោះ Boeing 737 MAX 8 ផ្ដាច់ជីវិតមនុស្ស ១៥៧នាក់នៅអេត្យូពី។ លោក Sullenberger បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុន Lion Air នៅឥណ្ឌូណេស៊ី Boeing 737 MAX 8 ចាំបាច់ត្រូវតែកែសម្រួលឡើងវិញ ប៉ុន្តែវាមិនបានកើតឡើងនោះទេ... ហើយខ្ញុំជឿថា ពីឡុតដែលបញ្ជាយន្ដហោះប្រភេទ នេះរួចធ្លាក់នៅអេត្យូពី ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសសោកនាដកម្ម តែពួកគេមិនមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហានោះទេពេលអាសន្នកើតឡើង»។
គួរបញ្ជាក់ថា លោក Chesley B. Sullenberger គឺជាពីឡុតដ៏ល្បីល្បាញម្នាក់ ហើយលោកត្រូវបានគេចាត់ទុកថា ជាវីរៈបុរសមួយរូបបន្ទាប់ពីបានបញ្ជៀសសោកនាកម្មដោយបញ្ជាយន្ដហោះរបស់លោកដឹកមនុស្ស ១៥៥នាក់កុំឱ្យធ្លាក់ និងចុះចតយ៉ាងជោគជ័យនៅលើទន្លេ ហ៊ូដសុន (Hudson) សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩។ បច្ចុប្បន្នប្រអប់ខ្មៅរបស់យន្តហោះអេត្យូពីកំពុងស្ថិតនៅបារាំង ដើម្បីរង់ចាំក្រុមជំនាញវិភាគរកមូលហេតុធ្លាក់ ដែលវាអាចស្រដៀងទៅនឹងករណីធ្លាក់របស់ Lion Air នៅឥណ្ឌូណេស៊ី៕