(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ជនសង្ស័យភេរវករ នៃការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងរង្គាល ទៅលើវិហារអ៊ីស្លាមចំនួន ២ ក្នុងទីក្រុងក្រៃស៍ឆឺច (Christchurch) គឺប្រើប្រាស់កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុង វែលីងតោន (Wellington) លោកស្រី Ardern បានបញ្ជាក់ទៀតថា ក្រោយចាប់ខ្លួនជនសង្ស័យ ប៉ូលិសបានរកឃើញកាំភ្លើង ០៥ដើម ក្នុងនោះមាន ០២ដើមជាប្រភេទកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ។ បន្ថែមពីលើនេះ លោកស្រី ក៏បានសន្យាដែរថា រដ្ឋាភិបាលនូវែលសេឡង់នឹងផ្លាស់ប្ដូរច្បាប់គ្រប់គ្រងកាំភ្លើង ដើម្បីបង្កើនសុវត្ថិភាពគ្រប់គ្រងអាវុធឡើងវិញ។
គួរជម្រាបថា បើតាមលោកស្រី Jacinda Ardern មនុស្ស ៤៩នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារកាលពីថ្ងៃសុក្រ និងមនុស្ស ៣៩នាក់បន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយក្នុងនោះមាន ១១នាក់មានសភាពធ្ងន់ធ្ងរ។ ចំណែកឯជនសង្ស័យភេរវករឈ្មោះ ប្រេនតុន តារ៉ែនត៍ (Brenton Tarrant) អាយុ ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយរូបគេនឹងត្រូវបង្ហាញខ្លួនជាថ្មីក្នុងសវនាការលើកក្រោយ នៅឯតុលាការជាន់ខ្ពស់នៃទីក្រុង Christchurch នៅថ្ងៃទី០៥ ខែមេសាខាងមុខ ខណៈមនុស្ស ០២នាក់ទៀតកំពុងជាប់ឃុំនៅឡើយ៕