(ប៉េកាំង)៖ ក្រុមហ៊ុន Gallup ដែលជាទីភ្នាក់ងារស្ទង់មតិដ៏ល្បីរបស់ប្រទេសអាមេរិកបានបង្ហាញនូវលទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់ខ្លួន ដោយបានបង្ហាញឲ្យឃើញថា អត្រាដែលប្រជាជនទូទាំងពិភពលោកគាំទ្រ លើកម្លាំងដឹកនាំនៃពិភពលោករបស់ប្រទេសចិនគឺ ៣៤% សម្រាប់អាមេរិកវិញគឺ ៣១%។ នេះជាលើកទីពីរដែលកម្លាំងដឹកនាំរបស់ប្រទេសចិន បានលើសអាមេរិក បន្ទាប់ពីកើតមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិកាលពីឆ្នាំ២០០៨។
ការស្ទង់មតិនេះបានធ្វើឡើងក្នុងប្រទេស និងតំបន់ចំនួន ១៣៤ លើពិភពលោក។ ការស្ទង់មតិនេះបានបង្ហាញឲ្យឃើញទៀតថា នៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក អត្រាដែលទទួលស្គាល់ថា ប្រទេសចិនជាអ្នកដឹកនាំនៃពិភពលោក សុទ្ធតែលើសអាមេរិក ហើយចិនទទួលបានអត្រាទទួលស្គាល់ខ្ពស់បំផុតនៅទ្វីបអាហ្វ្រិក ដែលមានដល់ទៅ ៥៣ %។
ដូចដែលមជ្ឈដ្ឋាននានាបានដឹងច្បាស់ហើយថា ដោយសារតែរងផលប៉ះពាល់នៃវិបត្តិបំណុលរបស់សហរដ្ឋអាមេរិក ដូច្នេះធ្វើឲ្យពិភពលោកទាំងមូលបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ២០០៨។ នាឆ្នាំនោះដោយផ្អែកទៅលើកំណែទម្រង់ និងការបើកទូលាយជិត ៣០ឆ្នាំ និងកិច្ចខិតខំប្រឹងប្រែង ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ដើម្បីជួយឲ្យសេដ្ឋកិច្ចពិភពលោករួចផុតពីគ្រោះថ្នាក់ និងជំរុញកំណើនសេដ្ឋកិច្ចនៃពិភពលោកថែមទៀត។
នៅឆ្នាំដដែលនោះ ការស្ទង់មតិរបស់ក្រុមហ៊ុន Gallup បានបញ្ជាក់ជាលើកដំបូងថា ឥទ្ធិពលលើសកលលោករបស់ប្រទេសចិន បានលើសសហរដ្ឋអាមេរិក។ ក្រោមការជួយជ្រោមជ្រែងរបស់ប្រទេសចិនកាលនោះ សេដ្ឋកិច្ចពិភពលោកបានចេញផុតពីវិបត្ដិជាបន្តបន្ទាប់ ហើយបានចាប់ផ្តើមបង្ហាញនូវនិន្នាការកំណើនយឺតៗ ប៉ុន្តែប្រកបដោយស្ថិរភាព។
ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសលោកខាងលិចជឿនលឿនមួយចំនួនមិនអាចប្រឈមមុខ និងដោះស្រាយបញ្ហាស្តីពីការបែងចែកដោយសមហេតុផលនូវទ្រព្យសម្បត្តិសង្គម ក្នុងរយៈពេលដ៏វែង ដែលបណ្តាលឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រ អត្រាជំពាក់បំណុលកើនឡើង និងប្រជានិយមក្នុងស្រុកកំពុងកើនឡើង។
ក្នុងស្ថានភាពនៃការផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ បណ្តាប្រទេសនានាមិនគ្រាន់តែត្រូវការ ការអភិវឌ្ឍដោយសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវការស្វែងរករូបមន្តអភិវឌ្ឍន៍ ឱកាសអភិវឌ្ឍន៍ដែលសមស្របនឹងសេចក្តីត្រូវការរបស់ខ្លួន និងកម្លាំងណែនាំ និងស្រូបទាញដ៏ខ្លាំងក្លា។ លើកនេះមនុស្សទាំងឡាយបានយកចិត្តទុកដាក់ដល់ប្រទេសចិនវិញម្តង ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ថ្មីបែបច្នៃប្រឌិតថ្មី សម្របសម្រួលគ្នា បៃតង បើកទូលាយ និងចែករំលែកគ្នា។ តាមរយៈការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ វាបានជួយឲ្យអ្នកក្រីក្រជាង ១០លាននាក់ចេញផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ ។ ជាមួយគ្នានេះបានចាត់ទុក «ការពិគ្រោះជាមួយគ្នា ការកសាងជាមួយគ្នា និងចែករំលែកជាមួយគ្នា» ជាគោលការណ៍មាស។
ជាងនេះទៅទៀតបានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការមួយ ដែលផ្តល់ផលប្រយោជន៍គ្នា និងឈ្នះ-ឈ្នះ ដែលមានទ្រង់ទ្រាយធំបំផុតដល់ពិភពលោក ហើយមានប្រទេសចំនួន ១២៣ និងអង្គការអន្តរជាតិចំនួន ២៩ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការកសាងខ្សែក្រវាត់មួយ និងផ្លូវមួយជាមួយភាគីចិនជាបន្តបន្ទាប់ ក្លាយទៅជាផលិតផលសាធារណៈ ដែលត្រូវបានគេទទួលស្វាគមន៍បំផុត ក្នុងកិច្ចការអភិបាលកិច្ចសកលលោក។
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនធ្លាប់មានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់មួយ និងផ្លូវមួយ» អាហ្រ្វិកខាងកើតមានផ្លូវល្បឿនលឿនជាលើកដំបូង ប្រទេសម៉ាលឌីវមានស្ពានឆ្លងកាត់សមុទ្រជាលើកដំបូង បេឡារុសមានក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនជាលើកដំបូង ផ្លូវដែកពី Mombasa ទៅដល់ Nairobi បានដាក់ឲ្យប្រើប្រាស់នៅប្រទេសកេនយ៉ា បានផ្តល់ឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់សរុបជិត ៥ម៉ឺននាក់ ដែលបានរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច ១.៥%។
វិទ្យាស្ថាន Brookings ជាធនាគារគំនិតដ៏ល្បីឈ្មោះរបស់អាមេរិកបានចេញផ្សាយរបាយការណ៍មួយ កាលពីឆ្នាំ២០១៨ថា គម្រោងវិនិយោគ និងអភិវឌ្ឍន៍របស់ចិនអាចជួយដល់កំណើនសេដ្ឋកិច្ចសកលលោក ប្រកបដោយបរិយាប័ន្ន។ របាយការណ៍នេះបានរកឃើញថា គម្រោងជំនួយរបស់ប្រទេសចិន សុទ្ធតែបានផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសនានា ដែលអនុវត្តន៍គម្រោងនោះ ហើយមិនត្រឹមតែជំរុញភាពរុងរឿងថ្កុំផ្កើង នៃសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ តែវាថែមទាំងបានផ្តល់ផលប្រយោជន៍ដល់តំបន់ជុំវិញផងដែរ។
ការពិតទាំងអស់នេះបានបញ្ជាក់ថា ទស្សនអភិបាលកិច្ចពិភពលោកស្តីពីការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលយកកិច្ចសហប្រតិបត្តិការ និងគោលដៅឈ្នះ-ឈ្នះជាស្នូល និងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិដែលលើកឡើងដោយប្រទេសចិនត្រូវបានទទួលការស្វាគមន៍យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។ ប្រការទាំងអស់នេះបានក្លាយជាតម្លៃស្នូល នៃកម្លាំងដឹកនាំរបស់ប្រទេសចិនលើពិភពលោក។
ដូចអ្វីដែលលោក Jon Clifton ដៃគូប្រតិបត្តិនៃទីភ្នាក់ងារស្ទង់មតិ Gallup បានថ្លែងក្នុងអារម្ភកថានៃរបាយការណ៍ត្រួតពិនិត្យថា បើកម្លាំងសេដ្ឋកិច្ច និងយោធារបស់ប្រទេសមួយតំណាងឲ្យភាពរឹងមាំរបស់ប្រទេសមួយនោះ នោះភាពទន់ភ្លន់របស់ប្រទេសនោះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរ។ នៅពេលដែលប្រទេសផ្សេងទៀត រីករាយដើរតាមប្រទេសមួយនោះ គឺមិនមែនដោយសារត្រូវតែធ្វើនោះទេ គឺដោយសារប្រទេសផ្សេងទៀតមានឆន្ទៈដើរតាម៕