(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រើសិទ្ធិវេតូប្រឆាំងនឹងដំណោះស្រាយដែលរាំងខ្ទប់ការប្រកាសអាសន្នផ្នែកសន្តិសុខនៅឯតំបន់ព្រំដែន ដែលនេះគឺជាការសម្រេចចិត្តលើកដំបូងបំផុត ក្នុងអាណត្តិរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រំា បានប្រើសិទ្ធិវេតូនៅក្នុងពិធីចុះហត្ថលេខាមួយនៅឯសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតគាំទ្រលើដំណោះស្រាយរាំងខ្ទប់ការប្រកាសភាពអាសន្នរបស់លោក។ នាឱកាសនោះលោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ការសម្រេចចិត្តរបស់សភា គឺនឹងធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់ក្នុងគ្រោះថ្នាក់... ដូច្នេះដើម្បីការពារសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនអាមេរិកគ្រប់រូប ខ្ញុំសម្រេចចិត្តចុះហត្ថលេខាវ៉េតូនឹងសេចក្ដីសម្រេចនេះ»។
គួរជម្រាបថា បើតាមប្រធានសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) នៅថ្ងៃទី២៦ ខែមីនាខាងមុខ សភាអាមេរិកនឹងបោះឆ្នោតម្ដងទៀតជុំវិញការប្រកាសអាសន្នផ្នែកសន្តិសុខរបស់លោក ដូណាល់ ត្រាំ៕