(វ៉ាស៊ីនតោន)៖ នៅក្នុងយុទ្ធនាការគំរាមកំហែងអ្នកដទៃ កុំឱ្យស៊ើបអង្កេតលើបទឧក្រិដ្ឋសង្រ្គាមប្រឆាំងអាមេរិក និងអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា នរណាក៏ដោយឱ្យតែចូលរួមក្នុងការស៊ើបអង្កេតនេះ នឹងត្រូវដកហូតទិដ្ឋាការចូលសហរដ្ឋអាមេរិក ហើយអាចនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មនានា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក ប៉ុមប៉េអូ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅក្នុងសហ្ដហ៍នេះ និងនៅ ចំពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងប្រមូលសំណើបើកការស៊ើបអង្កេត លើបទឧក្រិដ្ឋសង្រ្គាមប្រព្រឹត្តឡើង ដោយសហរដ្ឋអាមេរិកនៅក្នុងជម្លោះនៅអាហ្វហ្កានីស្ថានជិត ២០ឆ្នាំមកនេះ ដែលផ្ដាច់ជីវិតមនុស្សជាង ១០០,០០០នាក់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានប្ដេជ្ញាចិត្តការពារយោធាអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងបុគ្គលស៊ីវិលពីការរស់នៅក្រោមការភ័យខ្លាច ដោយសារតែការធ្វើទុក្ខបុកម្នេញដោយអយុត្តិធម៌ ដោយគ្រាន់តែពួកគេធ្វើសកម្មភាពការពារប្រជាជាតិដ៏អស្ចារ្យរបស់យើង... ដូច្នេះយើងនឹងចាត់វិធានការចាំបាច់នានា ក្នុងនោះរួមមានទាំងការដកហូតទិដ្ឋាការ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបើសិនជា ICC មិនព្រមបោះបង់ចោលការស៊ើបអង្កេតទេនោះ»។
គួរជម្រាបថា កាលពីចុងឆ្នាំ២០១៨ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ក៏បានព្រមដាក់ទណ្ឌកម្មប្រឆាំងនឹង ចៅក្រមតុលាការ ICC ផងដែរជាមួយការអះអាងថា នឹងចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍របស់ខ្លួន និងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរឹងមាំបំផុតនៅតំបន់មជ្ឈិមបូព៌ា៕