Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវចោទប្រកាន់ពីបទមនុស្សឃាត ក្រោយការបាញ់សម្លាប់មនុស្ស៤៩នាក់ក្នុងវិហារអ៊ីស្លាមនៅនូវែលសេឡង់ (Video Inside)

16-03-2019 09:45

(នូវែលសេឡង់)៖ ជនសង្ស័យដ៏សំខាន់ម្នាក់នៅក្នុងការបាញ់ប្រហារសម្លាប់មនុស្ស៤៩នាក់ និងរបួសច្រើនជាង៤០នាក់ នៅឯ វិហារអ៊ីស្លាមចំនួន២ ក្នុងប្រទេសនូវែលសេឡង់ ត្រូវបានចោទប្រកាន់ពីបទមនុស្សមនុស្សឃាត អំឡុងពេលបង្ហាញខ្លួន នៅចំពោះមុខតុលាការនៅថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ Brenton Harrison Tarrant មានអាយុ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានបង្ហាញខ្លួនក្នុងតុលាការមួយនៃ ទីក្រុង Christchurch ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនវិញ ដោយមិនមានការតវ៉ាអ្វីទាំងអស់ រហូតដល់ការបង្ហាញខ្លួនក្នុង សវនាការលើកក្រោយនៅឯតុលាការជាន់ខ្ពស់នៃទីក្រុង Christchurch នៅថ្ងៃទី០៥ ខែមេសាខាងមុខ។ ប៉ុន្តែជនសង្ស័យរូប នេះត្រូវបានគេរំពឹងថានឹងរងការចោទប្រកាន់បន្ថែម ហើយបើតាមប៉ូលិសនូវែលសេឡង់ គេនៅតែមិនទាន់ដឹងច្បាស់ថាមាន មនុស្សប៉ុន្មាននាក់បានចូលរួមក្នុងសកម្មភាពបាញ់ប្រហារកាលពីថ្ងៃសុក្រនៅឡើយទេ ខណៈមនុស្ស២នាក់ទៀតកំពុងជាប់ឃុំ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចាត់ទុកថាការបាញ់ប្រហារនៅឯវិហារអ៊ីស្លាម Al Noor និង Linwood ក្នុងទីក្រុង Christchurch គឺជាទង្វើភេរវកម្ម ហើយក៏បានសន្យាដែរថារដ្ឋាភិបាលរបស់លោកស្រី នឹងផ្លាស់ប្ដូរច្បាប់គ្រប់គ្រងកាំភ្លើងឡើងវិញ៕