(ម៉ានីល)៖ ព្រឹទ្ធសភាហ្វីលីពីននឹងបើកការស៊ើបអង្កេតមួយលើវិបត្តិខ្វះទឹកប្រើប្រាស់នៅតាមតំបន់ជាច្រើននៃរដ្ឋធានីម៉ានីល ខណៈវាកំពុងរាលដាលដល់សង្កាត់ពាណិជ្ជកម្មក្នុងទីក្រុង Makati រីឯប្រជាជនជាង៦.៨លាននាក់រងផលប៉ះពាល់ដោយសារ វិបត្តិមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សមាជិកព្រឹទ្ធសភា លោកស្រី Grace Poe ក៏បានបញ្ជាក់ដែរថាក្រុមមន្ត្រីមកពីក្រុមហ៊ុន ផ្គត់ផ្គង់ទឹក Ayala Corp's Manila Water នឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេត នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ បន្ទាប់ពី អតិថិជនរបស់ខ្លួនរាប់ម៉ឺននាក់ ខ្វះទឹកប្រើប្រាស់ចាប់តាំងពីដើមសប្ដាហ៍ដំបូងក្នុងខែមីនានេះមកម្លេះ។ ប៉ុន្តែទន្ទឹមគ្នា ក្រុមហ៊ុន Manila Water បានអះអាងថាស្ថានភាពនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅពេលមានភ្លៀងធ្លាក់ ស្របពេលកង្វះខាតទឹក នេះត្រូវបានគេរំពឹងថានឹងមានរយៈពេល៦ម៉ោងក្នុងមួយថ្ងៃ រហូតដល់រដូវភ្លៀងបំពេញអាងស្ដុកទឹកនៅក្នុងខែឧសភា ឬខែមិថុនា ខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមរដ្ឋាករទឹកហ្វីលីពីន វិបត្តិខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ គឺដោយសារតែកំណើនការប្រើប្រាស់ និងការធ្លាក់ចុះនៃកម្រិតទឹកក្នុងអាងស្ដុងទឹកនានា ដែលបង្កឡើងដោយបាតុភូត El Nino៕