(វ៉ាស៊ីនតោន)៖ កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅតែបន្តទៅមុខដដែល ប៉ុន្តែបច្ចុប្បន្នអ្វីគ្រប់យ៉ាងគឺអាស្រ័យទៅលើទីក្រុងរីយ៉ាដ។ នេះបើតាមអនុរដ្ឋមន្ត្រីថាមពលអាមេរិក លោក Dan Brouillette ដកស្រង់ដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Brouillette បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចសន្ទនានៅតែបន្តដំណើរការទៅមុខ... ប៉ុន្តែកិច្ចសន្ទនានេះហាក់ដូចជាមិនមានអ្វីវិវត្តន៍ថ្មីឡើយ ចាប់តាំងពីរដ្ឋមន្ត្រីថាមពលអាមេរិក លោក Perry ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត។ ម្យ៉ាងវិញទៀតអ្វីៗគឺកំពុងស្ថិតនៅក្នុងដៃរបស់ទីក្រុងរីយ៉ាដ ហើយយើងកំពុងរង់ចាំអារ៉ាប៊ីសាអូឌីតត្រឡប់មករកពួកយើងវិញ»។
គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត កំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកស្ដីពីគម្រោងថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែកិច្ចចរចានេះត្រូវរាំងស្ទះ ដោយសារតែករណីឃាតកម្មលើអ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi ក្នុងទីក្រុង អ៊ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨ ដោយសមាជិកសភាះអាមេរិកជាច្រើនបានស្នើឱ្យរដ្ឋបាលលោក ត្រាំ លុបចោលកិច្ចពិភាក្សាជាមួយទីក្រុងរីយ៉ាដ៕