(នូវែលសេឡង់)៖ ការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនៅនូវែលសេឡង់ ត្រូវបានប៉ូលិសប្រទេសដីកោះមួយនេះអះអាងថា បានរៀបចំផែនការទុកជាមុនយ៉ាងល្អិតល្អន់បំផុត ដោយបានសម្លាប់មនុស្ស ៤៩នាក់ និងរបួសជាង ៤០នាក់ នៅក្នុងវិហារអ៊ីស្លាមចំនួនពីរកន្លែងផ្សេងទៀត នៅក្នុងទីក្រុងក្រៃស៍ឆឺត នាថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ នេះតែម្តង។
ជនសង្ស័យឈ្មោះ Brenton Harrison Tarrant មានអាយុ២៨ឆ្នាំ និងជាពលរដ្ឋអូស្ត្រាលី បានបង្ហាញខ្លួនក្នុងតុលាការមួយនៃ ទីក្រុង Christchurch ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនវិញ ដោយមិនមានការតវ៉ាអ្វីទាំងអស់ រហូតដល់ការបង្ហាញខ្លួនក្នុង សវនាការលើកក្រោយនៅឯតុលាការជាន់ខ្ពស់នៃទីក្រុង Christchurch នៅថ្ងៃទី០៥ ខែមេសាខាងមុខ។ ប៉ុន្តែជនសង្ស័យរូប នេះត្រូវបានគេរំពឹងថានឹងរងការចោទប្រកាន់បន្ថែម ហើយបើតាមប៉ូលិសនូវែលសេឡង់ គេនៅតែមិនទាន់ដឹងច្បាស់ថាមាន មនុស្សប៉ុន្មាននាក់បានចូលរួមក្នុងសកម្មភាពបាញ់ប្រហារកាលពីថ្ងៃសុក្រនៅឡើយទេ ខណៈមនុស្ស២នាក់ទៀតកំពុងជាប់ឃុំ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចាត់ទុកថាការបាញ់ប្រហារនៅឯវិហារអ៊ីស្លាម Al Noor និង Linwood ក្នុងទីក្រុង Christchurch គឺជាទង្វើភេរវកម្ម ហើយក៏បានសន្យាដែរថារដ្ឋាភិបាលរបស់លោកស្រី នឹងផ្លាស់ប្ដូរច្បាប់គ្រប់គ្រងកាំភ្លើងឡើងវិញ៕