(វែលីងតោន)៖ មកទល់ពេលនេះតួលេខមនុស្សស្លាប់ជាផ្លូវការបានកើនរហូតដល់ទៅ ៤៩នាក់ និង ៤៨នាក់ទៀតរងរបួស នៅក្នុងករណីបាញ់ប្រហារពីរកន្លែងខុសគ្នា នៅក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅបណ្តាយឆ្នេរភាគខាងកើតប្រទេសនូវែលសេឡង់នៅក្នុងថ្ងៃសុក្រនេះតែម្តង។
* តើការវាយប្រហារភេវកម្មនៅក្នុងទីក្រុង Christchurch កើតឡើងយ៉ាងដូចម្ដេច?
នៅម៉ោងប្រមាណ ១៖៤០នាទីរសៀល (ម៉ោងនៅក្នុងតំបន់) ខ្មាន់កាំភ្លើងបានវាយប្រហារលើវិហារសាសនាអ៊ីស្លាមពីរកន្លែង នៅក្នុងទីក្រុង Christchurch។ ខ្មាន់កាំភ្លើងបានចូលទៅក្នុងព្រះវិហារអ៊ីស្លាម អាល់ ន័រ (AI Noor Mosque) ហើយបានធ្វើសកម្មភាពបាញ់រះដោយប្រើកាំភ្លើងស្វ័យប្រវត្តិប្រហែលពី ១០ ទៅ ១៥នាទីឯណោះ ខណៈមនុស្សប្រហែល ៣០០នាក់កំពុងមានវត្តមាននៅទីនោះ។
រីឯព្រះវិហារអ៊ីស្លាមមួយទៀតនៅលើដងវិថី លីនវូដ (Linwood) ក៏បានរងការវាយប្រហារពីសំណាក់ជនដៃដល់ផងដែរ។ ការវាយប្រហារដ៏អាក្រក់នេះកើតឡើងនៅពេលដែលសាសនិកអ៊ីស្លាមនាំគ្នាថ្វាយបង្គំនៅថ្ងៃសុក្រ។
បន្ថែមពីលើនេះក្រោយការបាញ់ប្រហារខាងលើ ប៉ូលិសនូវែលសេឡង់បានឃាត់ខ្លួនមនុស្ស ០៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ ស្របពេលបុរសសង្ស័យម្នាក់ មានឈ្មោះលើបណ្ដាញទំនាក់ទំនងសង្គមថា ប្រ៊េនតុន តារ៉ានត៍ (Brenton Tarrant) មានអាយុ ២៨ឆ្នាំ ដែលបង្ហោះសារប្រឆាំងជនអន្តោប្រវេសន៍ និងអ្នកកាន់សាសនាអ៊ីស្លាមត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនជាតិអូស្ត្រាលី។
* ប៉ូលិសនូវែសេឡង់អះអាងថា ការវាយប្រហារនេះមានផែនការទុកជាមុនយ៉ាងល្អឥតខ្ចោះ
ស្នងការប៉ូលិសនូវែសេឡង់ លោកមេបញ្ជាការ ម៉ៃក៍ ប៊ូស (Mike Bush) បានអះអាងថា ការវាយប្រហារដោយអំពើភេរវកម្មក្នុងទីក្រុង Christchurch ត្រូវបាន ធ្វើឡើងដោយមានការរៀបចំផែនការទុកជាមុនយ៉ាងល្អ ហើយបច្ចុប្បន្នវិហារសាសនាអ៊ីស្លាមទាំងអស់ ត្រូវដាក់ក្រោមការពារពី ប៉ូលិសមួយរយៈពេលសិន។ ក៏ប៉ុន្តែនៅពេលត្រូវបានសួរថា តើហេតុអ្វីបានជាខ្មាន់កាំភ្លើង មិនស្ថិតនៅក្នុងបញ្ជីឃ្លាំមើលរបស់នូវែលសេឡង់ លោក Bush មនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន រីឯអ្នកទាំងនេះក៏មិនបានស្ថិតនៅក្រោមការឃ្លាំមើលរបស់ អូស្រ្ដាលីដែរ។
* បណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម និងប្រទេសជាច្រើននាំគ្នាថ្កោលទោសយ៉ាងខ្លាំង
បណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនក្នុងនោះរួមមាន តួកគី ម៉ាឡេស៊ី និងប៉ាគីស្ថាន ជាដើមបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេវរកម្មទៅលើវិហារសាសនាអ៊ីស្លាមទាំង ២ នៅក្នុងទីក្រុង Christchurch។ ប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ បានលើកឡើងយ៉ាងដូច្នេះថា «ការវាយប្រហារភេវរកម្មនេះ គឺជាឧទាហរណ៍នៃការកើនឡើងការរើសអើងពូជសាសន៍ និងជំងឺខ្លាចអ៊ីស្លាម... ហើយក្នុងនាមតំណាងប្រទេសរបស់ខ្ញុំ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ប្រជាជននូវែលសេឡង់ និងប្រជាជនអ៊ីស្លាមនៅទូទាំងពិភពលោក។ ដោយឡែក បារាំង រុស្ស៊ី អាល្លឺម៉ង់ និងស៊ុយអែត បានសម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ ដល់ប្រទេសនូវែលសេឡង់ផងដែរ។
គួរបញ្ជាក់ថា បើតាមប៉ូលិសនូវែលសេឡង់ បុរសម្នាក់អាយុ ២៨ឆ្នាំឈ្មោះ Brenton Tarrant ខាងលើត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ហើយរូបគេនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការទីក្រុង Christchurch នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ។ រីឯមនុស្ស ០២នាក់ទៀត នៅបន្តជាប់ឃុំនៅឡើយដើម្បីសាកសួរបន្ត។ ជុំវិញហេតុការណ៍នេះដែរ ក៏មានការចែកចាយនូវឃ្លីបវីដេអូ បង្ហាញពីសកម្មភាពបាញ់ប្រហាររបស់ជនដៃដល់ រួមទាំងឯកសារជាច្រើនទំព័ររបស់បុគ្គលរូបនោះផ្ទាល់ ដែលរៀបរាប់ពីជីវប្រវត្តិក៏ដូចជាមូលហេតុនៅពីក្រោយអ្វីដែលខ្លួនគេបានប្រព្រឹត្តផងដែរ៕
ប្រភព៖ CNN (ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩)