(ការ៉ាកាស់)៖ ស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ហាក់ដូចជាត្រឡប់ទៅរកភាពប្រក្រតីឡើងវិញហើយ បន្ទាប់ពីបញ្ហា ដាច់ចរន្តអគ្គិសនីត្រូវបានដោះស្រាយ។ តែនៅឡើយវិបត្តិនយោបាយវិញ នៅមិនទាន់មានភាពធូរស្រាលទាល់តែសោះ ហើយមានតែសញ្ញាទៅរកភាពធ្ងន់ធ្ងរខ្លាំងឡើងៗប៉ុណ្ណោះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
ការផ្គត់ផ្គង់អគ្គិសនីបានចាប់ផ្ដើមដំណើរការជាថ្មីបណ្តើរៗ ពីចន្លោះពីថ្ងៃអាទិត្យ និងថ្ងៃចន្ទដើមសប្ដាហ៍នេះ រហូតពេញលេញតែម្តងនៅថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) រីឯរដ្ឋមន្ត្រីទំនាក់ទំនងវេណេស៊ុយអេឡាលោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានប្រកាសកាលពីថ្ងៃពុធថា ប្រព័ន្ធអគ្គិសនីទំាងមូលទូទាំងប្រទេសត្រូវបាន ស្ដារឡើងវិញហើយ។ បន្ថែមពីលើនេះរដ្ឋាភិបាលទីក្រុងការ៉ាកាស់ក៏បានអនុញ្ញាតឱ្យវិស័យឯកជន និងរដ្ឋបើកទ្វារដំណើរការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ។
គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីនៅវេណេស៊ុយអេឡា ចាប់តាំងពីថ្ងៃទី៧ ខែមីនា កន្លងទៅបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនជាង ៣០លាននាក់។ រីឯ លោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ ចោទថាសហរដ្ឋអាមេរិកគឺជានៅពីក្រោយខ្នង ការដាច់ចរន្តអគ្គិសនីនេះ តាមរយៈការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា មកលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីស្ទើរទូទាំងប្រទេស៕