(វ៉ាស៊ីនតោន)៖ ពលរដ្ឋអាមេរិក ទាំងអស់ដែលកំពុងរស់​នៅក្នុង​ប្រទេសវេណេស៊ុយអេឡា​ គួរតែពិចារណា​ចាកចេញពីទីនោះ ខណៈ​វិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌​ក្នុងប្រទេសអាមេរិកឡាទីន​មួយនេះ កាន់តែមាន​សភាព​ធ្ងន់ធ្ងរ។ នេះបើតាម​អ្នកនាំ​ពាក្យរង​ក្រសួងការបរទេស​អាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

អ្នកនាំពាក្យរង​ក្រសួងការបរទេស​អាមេរិក លោក រ៉ូប៊ឺត ផល្លាឌីណូ (Robert Palladino) បានលើក​ឡើងយ៉ាងដូច្នេះថា​ «ពលរដ្ឋអាមេរិក​កំពុងរស់នៅ ឬស្នាក់នៅ ឬក៏ចង់ធ្វើដំណើរ​ទៅកាន់​វេណេស៊ុយអេឡា គួរតែពិចារណា​ឡើងវិញឱ្យ​ច្បាស់ ដោយចាកចេញ​ពីប្រទេស​មួយនេះ»។ លោកបន្តថា ស្ថានទូតអាមេរិក​ប្រចាំទីក្រុងការ៉ាកាស់​មិនអាចផ្ដល់​សេវាកម្ម ឬផ្ដល់ជំនួយ​ណាមួយទៀត​នោះទេ បន្ទាប់មន្ត្រី​ទូតអាមេរិកទាំងអស់​ បានចេញចាកចេញ​ពី​វេណេស៊ុយអេឡា។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានឱ្យដឹងថា មន្ត្រីទូត​អាមេរិក​ទាំងអស់​បានចាកចេញពី​ប្រទេសវេណេស៊ុយអេឡា ហើយថា នឹងចាប់ផ្ដើម​មានវត្តមានការទូត​ឡើងវិញ​នៅពេល លិទ្ធិប្រជាធិបតេយ្យ​ត្រូវបានស្ដារ​ឡើងវិញ។ ប៉ុន្តែ​ការប្រកាសដក​របស់លោក Pompeo ធ្វើឡើងនៅចំពេល​មានការចោទ​ប្រកាន់ជាច្រើនថា ទីក្រុង​វ៉ាស៊ីនតោន មានគម្រោង​ធ្វើអន្តរាគមន៍​យោធាផ្ដួលរំលំ​របបដឹកនាំ​លោក នីកូឡាស់ ម៉ាឌូរ៉ូ៕