(វែលីងតោន)៖ មកទល់ពេលនេះតួលេខមនុស្សស្លាប់ ជាផ្លូវការបានកើនរហូតដល់ទៅ ៤៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងករណីបាញ់ប្រហារពីរកន្លែងខុសគ្នា នៅក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅបណ្តាយឆ្នេរភាគខាងកើតប្រទេសនូវែលសេឡង់ ខណៈពីដំបូងឡើងមានការអះអាងថា មនុស្សតែចំនួន០៩នាក់ប៉ុណ្ណោះស្លាប់ និងខ្ទង់ ៥០នាក់រងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
បើតាមការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្រ្តីនូវែលសេឡង់ ជេស៊ីនដា អាដឺន (Jacinda Ardern) ករណីបាញ់ប្រហារយ៉ាងកក្រើកបែបនេះ គឺជាសកម្មភាពភេរវកម្មសុទ្ធសាធ ដែលត្រូវបានគ្រោងរៀបចំទុកជាមុនយ៉ាងហ្មត់ចត់។ មិនតែប៉ុណ្ណោះលោកស្រី ថែមទាំងបានសម្តែងការចូលរួមសោកស្តាយជាខ្លាំង ចំពោះជនរងគ្រោះទាំងអស់ និងថាសោកនាដកម្មនេះ គឺជាថ្ងៃដ៏ងងឹតសូន្យសុងបំផុតមួយសម្រាប់ប្រជាជាតិនូវែលសេឡង់ទាំងមូល។
គួរជម្រាបថា ព្រះវិហារអ៊ីស្លាមចំនួន ០២កន្លែងនៅក្នុងទីក្រុង Christchurch បានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើងម្នាក់។ ក្នុងឃ្លីបវីដេអូមួយបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ខ្មាន់កាំភ្លើងម្នាក់នោះបានអះអាងថា ខ្លួនជាជនជាតិអូស្រ្តាលី និងមានឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) វ័យ ២៨ឆ្នាំ។
នារសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងនូវែលសេឡង់) ជាថ្ងៃដែលអ៊ីស្លាមសាសនិកត្រូវចូលទៅថ្វាយបង្គំក្នុងព្រះវិហារ ខ្មាន់កាំភ្លើងខាងលើបានចូលទៅក្នុងព្រះវិហារអ៊ីស្លាម អាល់ ន័រ (AI Noor Mosque) ក្នុងទីក្រុង Christchurch ហើយបានធ្វើសកម្មភាពបាញ់រះតែម្តង ខណៈមនុស្សប្រហែល ៣០០នាក់ បានមានវត្តមាននៅទីនោះ។ រីឯព្រះវិហារអ៊ីស្លាមមួយទៀតនៅលើដងវិថី Linwood ក៏បានរងការវាយប្រហារពីជនដៃដល់ផងដែរ។ យ៉ាងណាមិញ អត្តសញ្ញាណពិតប្រាកដរបស់ខ្មាន់កាំភ្លើងរូបនេះ ត្រូវទាន់ត្រូវបានបញ្ជាក់ ឬទទួលស្គាល់ដោយប៉ូលិសនូវែលសេឡង់នៅឡើយទេ ប៉ុន្តែប៉ូលិសបានឲ្យដឹងថា បុរស ០៣នាក់ (រួមទាំងជនអះអាងថា ឈ្មោះ តារ៉ានត៍-Tarrant នេះ) និងស្រ្តីម្នាក់ទៀតត្រូវបានចាប់ខ្លួន។
គួរជម្រាបថា ជុំវិញហេតុការណ៍នេះដែរ ក៏មានការចែកចាយនូវឃ្លីបវីដេអូបង្ហាញពីសកម្មភាពបាញ់ប្រហាររបស់ជនដៃដល់ រួមទាំងឯកសារជាច្រើនទំព័ររបស់បុគ្គលរូបនោះផ្ទាល់ ដែលរៀបរាប់ពីជីវប្រវត្តិក៏ដូចជាមូលហេតុនៅពីក្រោយអ្វីដែលខ្លួនគេបានប្រព្រឹត្តផងដែរ៕