(វ៉ាស៊ីនតោន)៖ ទីបំផុតក្រុមហ៊ុន Boeing បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ដោយក្នុងនោះយន្តហោះប្រភេទ 737 MAX ទាំងអស់ដែលកំពុងស្ថិតក្នុងការផលិតនឹងត្រូវបន្តទៅមុខដដែល ប៉ុន្តែពួកវានឹងត្រូវពន្យារពេលក្នុងការបញ្ជូនទៅកាន់អថិជននានា បន្ទាប់ពីអាកាសចរណ៍ទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក បានសម្រេចបញ្ឈរជើងយន្តហោះប្រភេទនេះដែលពួកគេមាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍របស់ Boeing ត្រូវបានចេញផ្សាយនៅប៉ុន្មានម៉ោងមុននេះថា «ក្រុមហ៊ុន Boeing បានសម្រេចផ្អាកការបញ្ជូនយន្តហោះត្រកូល 737 MAX ទីកាន់អថិជន ក្រោយពីមានការបញ្ឈរជើងយន្តហោះប្រភេទនេះជាបណ្តោះអាសន្ន...។ យើងតែនៅតែបន្តផលិតយន្តហោះ 737 MAX នេះដដែល ស្របពេលនៃការពិនិត្យមើលស្ថានការណ៍ជាក់ស្តែង ចំពោះបញ្ហានានា ដែលអាចប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់យើង...»។
គួរបញ្ជាក់ថា ការចាត់វិធានការដំបូងពីសំណាក់ក្រុមហ៊ុន Boeing នេះបានកើតមានឡើងក្រោយពីរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្រេចឲ្យមានការផ្អាកប្រតិបត្តិការយន្តហោះប្រភេទ Boeing 737 MAX នៅសហរដ្ឋអាមេរិក ក្រោយពីអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក ដែលមានបម្រើយន្តហោះប្រភេទនេះ បានសម្រេចធ្វើបែបនេះស្ទើរទាំងអស់ទៅហើយនោះ។
ការធ្លាក់យន្តហោះ Boeing 737 MAX ចំនួនពីរគ្រឿងនៅឥណ្ឌូណេស៊ី និងអេត្យូពីដែលរំលងពីគ្នាតែជាង៥ខែនេះ បានបណ្តាលឲ្យមនុស្សសរុប ៣៤៦នាក់បាត់បង់ជីវិត ខណៈការសន្និដ្ឋានបឋមបានឲ្យដឹងថា យន្តហោះទាំងពីរគ្រឿងនេះអាចបានជួបបញ្ហាស្រដៀងគ្នា នោះគឺទៅលើប្រព័ន្ធចង្អុលទិសស្វ័យប្រវត្តិ ខណៈប្រអប់ខ្មៅទាំងពីររបស់យន្តហោះអេត្យូពី ដែលបានធ្លាក់កាលពីអាទិត្យសប្តាហ៍មុននេះ ត្រូវបានរកឃើញ និងបញ្ជូនទៅទីក្រុងប៉ារីសប្រទេសបារាំងហើយ ដើម្បីធ្វើការស៊ើបអង្កេតរកមូលហេតុពិតនៃការធ្លាក់៕