(ម៉ូស្គូ)៖ ប៉ូលិសនូវែលសេឡង់បានឲ្យដឹងថា ជនសង្ស័យ០៤នាក់ត្រូវបានចាប់ខ្លួន ខណៈមានមនុស្សស្លាប់ជាច្រើននាក់ ដោយសារសកម្មភាពបាញ់ប្រហារតាមទីតាំងខុសៗគ្នា ក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងកើត នៃប្រទេសដីកោះមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
ប៉ូលិសនៃប្រទេសនូវែលសេឡង់បានបញ្ជាក់ដូច្នេះថា «យើងចាប់ខ្លួនបានបុរស ០៣នាក់ និងស្រ្តីម្នាក់ ព្រមទាំងបានរកឃើញគ្រឿងផ្ទុះកែច្នៃមួយចំនួនទៀត ។ ខណៈនេះ បើតាមយើងដឹងមនុស្សស្លាប់មានចំនួន ០៩នាក់ នៅទីតាំងចំនួនពីរគឺនៅព្រះវិហារអ៊ីស្លាមលើផ្លូវ ឌីនស៍ (Deans) និងព្រះវិហាអ៊ីស្លាមមួយទៀតលើផ្លូវ លីនវូដ (Linwood) នៃទីក្រុង Christchurch»។ ប៉ុន្តែប៉ូលិសនូវែលសេឡង់បានបន្ថែមថា ពួកគេមិនទាន់ប្រាកដនៅឡើយទេថា តើក្រៅពីតំបន់ទាំងពីរនេះ មានកន្លែងណាផ្សេងទៀត ដែលស្ថិតក្រោមការគំរាមកំហែងដែរ ឬយ៉ាងណា។
បើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់នូវែលសេឡង់វិញ មនុស្សរហូតដល់ ៣០នាក់ អាចបានបាត់បង់ជីវិត ហើយពី ៤០-៥០នាក់បានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកនេះ ដែលជារឿងដ៏កម្រមួយនៅនូវែលសេឡង់ ចាប់តាំងពីប្រទេសនេះបានរឹងបន្តឹងច្បាប់ «ទិញ-ប្រើប្រាស់កាំភ្លើង» កាលពីឆ្នាំ១៩៩២។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ជេស៊ីនដា អាដឺន (Jacinda Ardern) បានចាត់ទុកសោកនាដកម្មនេះថា គឺជាថ្ងៃដ៏ងងឹតសូន្យសុងបំផុតមួយសម្រាប់ប្រទេសរបស់លោកស្រី ខណៈការស៊ើបអង្កេតកំពុងតែបន្តទៅមុខ៕