(ម៉ូស្គូ)៖ របាយការណ៍មួយចេញផ្សាយដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ (ISIS) បានឱ្យដឹងថា តាមការពិតរោងចក្រនុយក្លេអ៊ែរ ហ្វ័រដូ (Fordow) ឬគេស្គាល់ថា អាល់ហ្គាឌឺ (Al Ghadir) របស់អ៊ីរ៉ង់ត្រូវបានសាងសង់ឡើងយូរណាស់មកហើយ មិនដូចដែល ទីក្រុងតេហរ៉ង់ធ្លាប់អះអាងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
រោងចក្រ Fordow ដែលគេចាត់ទុកថា ជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានកសាងឡើងកាលពីឆ្នាំ២០០៧។ ប៉ុន្តែវិទ្យាសា្ថន ISIS មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនបានអះអាងថា រោងចក្រនេះមានវត្តមាន តាំងតែពីឆ្នាំ២០០៤ ហើយវាត្រូវចាប់ផ្ដើមសាងសង់ដំបូងតាំងពីឆ្នាំ២០០២ មកម្ល៉េះ។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Fordow ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នាំ២០០៩ ហើយរបកគំហើញនេះឯង បានជម្រុញឱ្យសហរដ្ឋអាមេរិកប្រមូលកម្លាំងអន្តរជាតិដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ រហូតដល់បង្កើតចេញជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ប៉ុន្តែវាត្រូវបានអាមេរិកដកខ្លួនចេញវិញ នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ ចំណែកឯទីក្រុងតេហេរ៉ង់បានបដិសេធថា ខ្លួនគ្មានបំណងប្រើរោងចក្រនេះក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេ ពោលគឺសម្រាប់ផលិតថាមពលអគ្គិសនី តាមរយៈថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ៕