(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានឱ្យដឹងថា សេវាកម្មទាំងអស់របស់ខ្លួនក្នុងនោះរួមមាន Facebook, Instagram រួមទាំង WhatsApp បានដំណើរការជាប្រក្រតីឡើងវិញហើយ បន្ទាប់ពីមានបញ្ហាគាំងជាសកល ដែលបង្កជាការព្រួយបារម្ភ និងងឿងឆ្ងល់ផងដែរនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
តាមរយៈគណនី Twitter របស់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមហ៊ុន Facebook បានលើកឡើងយ៉ាងដូច្នេះថា «បច្ចុប្បន្នបញ្ហាទាំងអស់ត្រូវបានដោះស្រាយ ហើយប្រព័ន្ធរបស់យើងក៏ដំណើរការជាប្រក្រតីឡើងវិញដែរ... យើងពិតជាសូមទោសចំពោះបញ្ហាដែលកើតឡើង និងសូមអរគុណដល់ការអត់ធ្មត់ពីអ្នកគ្រប់គ្នា»។ សម្រាប់ភាពរអាក់រអួលទ្រង់ទ្រាយធំបែបនេះ គឺមិនធ្លាប់កើតមាននោះឡើយគិតចាប់តាំងពីឆ្នាំ២០០៨។
គួរជម្រាបថា កាលពីថ្ងៃពុធអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook នៅទូទាំងពិភពលោកបានរាយការណ៍ថា ពួកគេគេមានបញ្ហាចូលក្នុងគណនីរបស់ពួកគេ ព្រមទាំងមិនអាចស៊ែរជាដើម ស្របពេលអ្នកខ្លះទៀតអះអាងថា គឺគាំងបង្ហោះមិនកើតតែម្ដង ខណៈប្រព័ន្ធដំណើរការមួយចំនួនទៀត ដែលអ្នកប្រើប្រាស់បណ្តាញសង្គមយក្សនេះតែងតែប្រើប្រាស់ប្រចាំថ្ងៃបានគាំង ឬដំណើរការខុសប្រក្រតីជាលក្ខណៈសកល៕