(ហ្គាហ្សា)៖ កងយន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយសង្គ្រប់ទៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធក្នុងទឹកដីហ្គាហ្សាស្ទ្រីព នៅវេលាទៀបភ្លឺថ្ងៃសុក្រនេះតែម្តង បន្ទាប់ពីគ្រាប់រ៉ុក្កែតពីរគ្រាប់បានធ្លាក់មកលើទឹកដីទីក្រុងតែលអាវីវ (Tel Aviv) នៃភាគកណ្តាលប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល កងយន្តហោះចម្បាំងខាងលើនេះរួមមានដូចជាយន្តហោះដ្រូន ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង F-16 ផងដែរ បានធ្វើការហោះពីលើដែនដីនៃតំបន់ហ្គាហ្សា ដើម្បីស្វែងរកមូលដ្ឋាននៃក្រុមសកម្មប្រយុទ្ធ ដែលបានបាញ់គ្រាប់រ៉ុក្កែតចំនួនពីរគ្រាប់ធ្លាក់មកលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រ ប៉ុន្តែមិនបានបង្កការខូចខាត ឬមនុស្សរងគ្រោះនោះឡើយ។
គួរបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតមកលើដែនដីទីក្រុង Tel Aviv នេះគឺជារឿងដែលមិនធ្លាប់កើតមានឡើយគិតចាប់តាំងពីឆ្នាំ២០១៤។ ដោយឡែកចំពោះការវាយប្រហារសងសឹកវិញពីសំណាក់អ៊ីស្រាអែលនោះ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបញ្ជាក់ថា យន្តហោះអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកលើទីតាំងមួយចំនួន ដែលបង្កឲ្យមានការផ្ទុះ និងផ្សែងខ្មៅងងឹតហុយឡើងលើមេឃតែម្តង ប៉ុន្តែពុំមានការបញ្ជាក់ថា មានមនុស្សរងគ្រោះដែរ ឬយ៉ាងណានោះឡើយ៕