(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានឱ្យដឹងថាមន្ត្រីទូតអាមេរិកទាំងអស់បានចាកចេញពី ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈវិបត្តិនយោបាយក្នុងប្រទេសអាមេរិកឡាទីនមួយនេះ មិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Pompeo បានលើកឡើងដូច្នេះថា៖«បច្ចុប្បន្ន មន្ត្រីទូតអាមេរិកទាំងអស់នឹងបន្តធ្វើបេសកកម្មពីទីតាំងដទៃ ជាទីដែលពួកគេនឹងបន្តគ្រប់គ្រង និងរកមធ្យោបាយផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជន វេណេស៊ុយអេឡា និងគាំទ្រលិទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ»។
គួរបញ្ជាក់ថា មន្ត្រីទូតអាមេរិកទាំងអស់ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរចាកចេញ តាមយន្ដហោះស៊ីវិលមួយគ្រឿង ហើយវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសអាមេរិកប្រកាសថានឹងដករាល់មន្ត្រីទូតអាមេរិក ចេញពីវេណេស៊ុយអេឡានៅក្នុងសប្ដាហ៍នេះ៕