(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងពិចារណាចាប់ផ្តើមការធ្វើតេស្តប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ INF ក្នុងឆ្នាំនេះតែម្តង ពោលគឺក្រោយការដកខ្លួនចេញពីផុតពីសន្ធិសញ្ញានេះជាមួយរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
ប្រព័ន្ធមីស៊ីលទាំងនោះត្រូវគេរំពឹងថាជា មីស៊ីលប្រភេទ Cruise ហោះហើរកម្រិតទាប ដែលមានចម្ងាយធ្វើដំណើរប្រមាណជា១,០០០គីឡូម៉ែត្រ និងមីស៊ីលផ្លោងដែលមានសមត្ថភាពហោះហើរក្នុងរង្វង់ចម្ងាយ៣,០០០ទៅ៤,០០០គីឡូម៉ែត្រ ដោយនៅក្នុងនោះ Cruise Missile នឹងត្រូវធ្វើការសាកល្បងនៅខែសីហា ឆ្នាំនេះ។
គួរជម្រាបថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីដើមខែមុនថា ទីក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ក្នុងរយៈពេល០៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០២ ខែកុម្ភៈ។ រីឯក្នុងខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចេញបទបញ្ជាឲ្យផ្អាកនូវរាល់កាតព្វកិច្ចដែលរុស្ស៊ីត្រូវអនុវត្តន៍នៅក្រោមសន្ធិសញ្ញា INF ភ្លាមៗតែម្តងផងដែរ។ សន្ធិសញ្ញា INF ហាមឃាត់លើរាល់មីស៊ីលបាញ់ពីផ្ទៃដីដែលមានរយៈចម្ងាយធ្វើដំណើរចាប់ពី៥០០រហូតដល់៥,៥០០គីឡូម៉ែត្រ៕