(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៨របស់សហរដ្ឋអាមេរិក ដែលបានចាត់បញ្ចូលទីក្រុងប៉េកាំងទៅក្នុងបញ្ជីឈ្មោះនៃប្រទេសរំលោភសិទ្ធិមនុស្ស ក្នុងនោះរួមមានទាំងការធ្វើទុក្ខបុក្ម្នេញលើជនជាតិដើមភាគតិចម៉ូស្លីម នៅឯតំបន់ Xinjiang។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានបញ្ជាក់ថាការចោទប្រកាន់របស់សហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានមូលដ្ឋាន ខណៈចិនបានថែរក្សាការពារយ៉ាងពេញលេញនូវសិទ្ធិមនុស្ស និងសម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងវិស័យនេះ។ ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់លើការរើសអើសនៅក្នុងប្រទេស របស់ខ្លួន មុននឹងឈឺឆ្អាលរឿងអ្នកដទៃ។
លោក Kang បានបន្ថែមដូច្នេះថា៖ «យើងតែងតែលើកទឹកចិត្តជានិច្ចឱ្យទីក្រុងវ៉ាស៊ីនតោនគួរតែគិតគូរពីកិច្ចការផ្ទៃក្នុងរបស់ខ្លួនឯងជាមុនសិនទៅ ព្រោះនៅសហរដ្ឋអាមេរិកនរណាក៏ដឹងដែរថាការរើសអើងពូជសាសន៍ ការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ និងការរើសអើងមនោគមន៍វិជ្ជា កំពុងកើតមានយ៉ាងផុលផុស»។
គួរជម្រាបថា នៅក្នុងរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៨ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានដាក់ប្រទេសចិន ទៅក្នុងក្រុមប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានដូចជាកូរ៉េខាងជើង អ៊ីរ៉ង់ ស៊ូដង់ខាងត្បូង និង នីការ៉ាហ្គ័រ ជាដើម៕