(ញូដេលី)៖ ចំពោះមុខការរិះគន់ដដែលជាដដែល លើរដ្ឋាភិបាលនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ជុំវិញភាពចាំបាច់នៃការទិញយន្តហោះចម្បាំងទំនើបប្រភេទ រ៉ាហ្វាល់ (Rafale) ចំនួន ៣៨គ្រឿងពីបារាំងក្នុងតម្លៃ ៨.៧ពាន់លានដុល្លារនោះ អតីតមេទ័ពអាកាសឥណ្ឌាលោក ម៉ាសល ធីបនីស (Marshal A. Y. Tipnis) បានចេញមុខការពារគម្រោងធំមួយនេះភ្លាម និងលើកយកឧទាហរណ៍នៃសង្គ្រាមនៅប៉ាគីស្ថានមកបញ្ជាក់។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
លោក Tipnis បានបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្នែកសន្តិសុខមួយ នៅក្នុងរដ្ឋធានីញូដេលីយ៉ាងដូច្នេះថា «មហិច្ឆតានៃយន្តហោះចម្បាំងប៉ាគីស្ថានចំនួន ២៤គ្រឿង គឺធ្វើការវាយប្រហារមូលដ្ឋានយើងនៅតំបន់ស្រ៊ីណាហ្គា (Srinagar) និងអាវ៉ាន់ធីពោរ៉ា (Awantipora)។ ប្រសិនបើកាលណោះឥណ្ឌាមានយន្តហោះ Rafale នោះកងទ័ពអាកាសយើងអាចកម្ទេចយន្តហោះចម្បាំងប៉ាគីស្ថាន យ៉ាងហោចណាស់ក៏ ១២គ្រឿងដែរ...។ យន្តហោះចម្បាំង Rafale នឹងជួយពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសយើង...»។
គួរបញ្ជាក់ថា ការបាញ់ទម្លាក់យន្តហោះចម្បាំងគ្នាទៅវិញទៅមក រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានកើតមានឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ដែលបាននាំឲ្យពិភពលោកទាំងមូលមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពឈានទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ រវាងប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃទាំងពីរនេះ។ យ៉ាងណាក៏ដោយ ភាពជាក់ស្តែងគឺប៉ាគីស្ថានហាក់បន្ទន់ឥរិយាបទ និងស្នើសុំកិច្ចពិភាក្សាដោយសន្តិភាពជាមួយឥណ្ឌា ដើម្បីកុំឲ្យជម្លោះតំបន់កាស្មៀររាប់ទសវត្សរ៍មកនេះ រីកកាន់តែធំឡើងរហូតក្លាយជាសង្គ្រាម៕