(ហាណូយ)៖ ជំងឺប៉េសជ្រូកអាហ្វ្រិក (African Swine Fever) ឬក៏ជំងឺផ្តាសាយជ្រូកអាហ្វ្រិក បានរីករាលដាលដល់ខេត្ត ង៉េអាន (Nghe An) នៃភាគកណ្ដាលប្រទេសវៀតណាមហើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានវៀតណាម ណុងងៀប (Nong Nghiep Viet Nam) បន្ទាប់ពីការរីកសាយជំងឺប៉េសជ្រូកអាហ្វ្រិក ឬ ASF នៅក្នុងស្រុក គុយលូ (Quynh Luu) ជ្រូកទាំង ២២ក្បាលត្រូវបានគេយកទៅសម្លាប់ និងកម្ទេចយ៉ាងប្រយ័ត្នប្រយែង ដើម្បីបង្ការការឆ្លងទៅដល់មនុស្ស។ ដោយឡែកកាលពីថ្ងៃពុធអាជ្ញាធរវៀតណាមផ្ទាល់បានបញ្ជាក់ថា សត្វជ្រូកដែលកើតជំងឺនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ១៤ នៃទីក្រុងហាណូយផងដែរ។
គួរបញ្ជាក់ថា មកទល់នឹងពេលបច្ចុប្បន្ន ជំងឺប៉េសជ្រូកអាហ្វ្រិកបានកើតនៅក្នុងប្រទេសចំនួន ២០ ហើយបើតាម អង្គការសុខភាពពិភពលោក វីរុសនេះមិនទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយទេ។ ដោយឡែកនៅប្រទេសវៀតណាមវិញ បណ្តាខេត្តជាច្រើនជាពិសេសពីភាគកណ្តាលដល់ភាគខាងជើងរួមទាំងទីក្រុងហាណូយ សុទ្ធតែបានផ្ទុះជំងឺនេះជាបន្តបន្ទាប់ នាំឲ្យប្រទេសជាច្រើន ប្រកាសបញ្ឈប់ការនាំចូលជ្រូកពីវៀតណាមជាបណ្តោះអាសន្ន៕