(ប៉េកាំង)៖ លោក ស៊ី ជីភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតចំពោះសំឡេងដែលមកពីមូលដ្ឋាន ។ ក្នុងកែវភ្នែករបស់លោក ស៊ី ជីនភីង មូលដ្ឋានជាចម្លើយដ៏សំខាន់បំផុតសម្រាប់សបញ្ជាក់ពីការសម្រេចបាននូវសង្គមធូរធាបង្គួរ ដោយគ្រប់ជ្រុងជ្រោយរបស់ចិនដែរ ឬអត់ ?
អំឡុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនក្នុងឆ្នាំ២០១៩នេះ តំណាងជាអ្នកគង្វាលដែលមកពីវាលស្មៅ តំណាងកសិករដែលចេញពីស្រែចម្ការ តំណាងសហគ្រិនឯកជនដែលធ្វើអាជីវកម្មជាក់ស្តែង និងតំណាងមកពីតំបន់ក្រីក្រ បានជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំកំពូលរបស់ចិន ខណៈនោះកិច្ចពិភាក្សាស្តីពីការអភិវឌ្ឍដោយភាពបៃតង ការស្តារជនបទឡើងវិញ ការច្នៃប្រឌិតថ្មី ការចាប់ផ្តើមអាជីវកម្ម និងការលុបបំបាត់ភាពក្រីក្រជាដើមត្រូវបានធ្វើឡើងរវាងលោក ស៊ី ជីនភីង និងតំណាងទាំងនេះ ។
* រឿងទី១៖ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនសួររកវិធីអភិវឌ្ឍន៍ពីតំណាងអ្នកគង្វាល
ក្នុងអំឡុងពេលចូលរួមពិនិត្យពិភាក្សានៃគណៈប្រតិភូភូមិភាគស្វយ័តជនជាតិម៉ុងហ្គោលី ប្រធានបទនៃសុន្ទរកថារបស់លោក Wu Yunbo តំណាងសភាប្រជាជនម៉ុងហ្គោលីខាងក្នុង គឺ ផ្តោតលើ «របៀបដឹកនាំអ្នកគង្វាលឲ្យទៅរកជីវភាពប្រកបដោយភាពសម្បូរសប្បាយនិងធូរធា»។ លោកបានបង្កើតសមាគមចិញ្ចឹមសត្វគោមួយនៅក្នុងតំបន់។ ក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ លោកបានដឹកនាំតំបន់នេះ និងគ្រួសារក្រីក្រនៅជុំវិញឈានទៅរកផ្លូវអភិវឌ្ឍន៍បៃតង។ លោក ស៊ី ជីនភីង បានលើកទឹកចិត្តលោកឲ្យបង្កើតស្លាកយីហោពាណិជ្ជកម្ម ដោយបានថែ្លងថា «គួរតែស្វែងរកផ្លូវថ្មី នៃការអភិវឌ្ឍដែលមានគុណភាពខ្ពស់ដោយផ្អែកទៅលើអាទិភាពបែបអេកូឡូស៊ី និងការអភិវឌ្ឍបៃតង"។
ពាក្យគន្លឹះ៖ ការអភិវឌ្ឍបៃតងជាការធានារក្សានូវភាពរឹងមាំ នៃកិច្ចការពារបរិស្ថាន និងកុំឲ្យមានភាពរង្គោះរង្គើ។ មិនគួរតែមានគំនិតដែលលះបង់បរិស្ថាន ទៅដូរនឹងកំណើនសេដ្ឋកិច្ច ព្រោះតែជួបប្រទះនឹងបញ្ហាលំបាកមួយចំនួន ក្នុងការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចនោះទេ រហូតដល់ការបំផ្លាញបរិស្ថានទៀតផង។ ទាំងអស់នេះជាការថ្លែងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
* រឿងទី២៖ កសិករចិនមានសុបិនចំនួន ៨
នៅក្នុងគណៈប្រតិភូខេត្ត Henan លោក Li Liancheng តំណាងកសិករបានជម្រាបជូនលោក ស៊ី ជីនភីង ពីសុបិនរបស់អ្នកភូមិដែលមានចំនួន ៨ ដូចជាមានសម្លៀកបំពាក់ និងហូបចុកបានឆ្អែត ចូលរៀន មានសុខភាពល្អ មានការងារធ្វើ និង មានបរិស្ថានល្អជាដើម។ អ្វីទាំងនេះក៏ជាសុបិនរបស់កសិករចិនរាប់រយលាននាក់ផ្សេងទៀតផងដែរ។ លោក ស៊ី ជីនភីង បានថ្លែងថា ជុំវិញការស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាជន ជាមួយនឹងការបន្តបង្កើនការស្តារភាពរីកចម្រើន នៅតាមទីជនបទឥតឈប់ឈរ តំបន់ជនបទសម័យទំទើប គឺជាកន្លែងដ៏អស្ចារ្យមួយប្រកបដោយក្តីសង្ឃឹមយ៉ាងខ្លាំង។
ពាក្យគន្លឹះ ៖ ការស្តារភាពរីកចម្រើននៅតាមទីជនបទឡើងវិញ
ត្រូវការការធានាការផ្គត់ផ្គង់ផលិតផលកសិកម្ម ពិសេសគឺស្បៀងអាហារ នេះជាភារកិច្ចចម្បងនៃការអនុវត្តយុទ្ធសាស្ត្រ ស្តារភាពរីកចម្រើននៅតាមទីជនបទ។
ត្រូវណែនាំ និងលើកទឹកចិត្តឲ្យមានមូលធនគ្រប់រូបភាពក្នុងសង្គម ទៅបណ្តាក់ទុនលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ។
ត្រូវធ្វើឲ្យមានភាពល្អពេញលេញនូវប្រព័ន្ធធានារ៉ាប់រងផ្នែកជរាភាព នៃអ្នកក្រុង និងជនបទជាមូលដ្ឋាន ការធានារ៉ាប់រងផ្នែកសុខាភិបាលជាមូលដ្ឋាន ព្រមទាំងប្រព័ន្ធធានារ៉ាប់រងព្យាបាលជំងឺកាចសាហាវដ៏ធ្ងន់ធ្ងរ។
ត្រូវធ្វើឲ្យមានភាពល្អពេញលេញ នូវប្រព័ន្ធធានាជីវភាពរស់នៅកម្រិតទាបបំផុត ប្រព័ន្ធកុមារនៅជនបទ ដែលជាកូនរបស់អ្នកធ្វើចំណាកស្រុកទៅធ្វើការនៅក្រុង និងប្រព័ន្ធផ្តល់សេវាដល់ស្ត្រីនិងមនុស្សចាស់។ តំបន់ជនបទសម័យទំនើប គឺជាកន្លែងដ៏អស្ចារ្យប្រកបដោយក្តីសង្ឃឹមយ៉ាងខ្លាំង។ ទាំងអស់នេះជាការថ្លែងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
* រឿងទី៣៖ ដំណើរការសហគ្រាសឲ្យបានល្អ គឺជាអ្វីដែលចាំបាច់បំផុត
លោក Ding Shizhong អគ្គនាយកនៃក្រុមហ៊ុន ANTA ដែលជាសមាជិកនៃគណៈប្រតិភូខេត្ត FuJian បានប្រាប់លោក ស៊ី ជីនភីង ថា ពីសហគ្រាសខ្នាតតូចដែលចាប់ដំណើរនៅរយៈពេល ១៨ឆ្នាំមុន នាពេលនេះក្រុមហ៊ុន ANTA បានអភិវឌ្ឍន៍ខ្លួនក្លាយជាសហគ្រាសផលិតសម្ភារៈកីឡា ដែលមានទីផ្សារភាគហ៊ុនឈរនៅលំដាប់ទី ៣ លើពិភពលោកនាពេលបច្ចុប្បន្ននេះរឿងរ៉ាវរីកចម្រើននៃក្រុមហ៊ុន ANTA គឺប្រកាន់ខ្ជាប់នូវការបង្កើតស្លាកយីហោពាណិជ្ជកម្មជាតិចិន តាមរយៈការច្នៃប្រឌិតថ្មី និងកំណែទម្រង់។ បន្ទាប់ពីឮលោកនិយាយបែបនេះ លោក ស៊ី ជីនភីង បានលើកសញ្ញាមេដៃជាការកោតសរសើរ។
ពាក្យគន្លឹះ៖ ការច្នៃប្រឌិតថ្មី គឺជាការចាប់ផ្តើមអាជីវកម្ម និងបង្កើតសមិទ្ធិផលបង្កើតបរិយាកាសអភិវឌ្ឍដ៏តម្លាភាព យុត្តិធម៌ និងគោរពតាមច្បាប់សម្រាប់សហគ្រាសកម្មសិទ្ធិគ្រប់ប្រភេទ បង្កើតបានជាបរិយាកាសដ៏ល្អប្រសើរ ដើម្បីជំរុញសេដ្ឋកិច្ចដល់សហគ្រិន។ ទាំងនេះជាការថ្លែងដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
ពាក្យគន្លឹះ៖ អភិវឌ្ឍន៍ត្រើយទាំងសងខាងជាមួយគ្នា គឺសំដៅលើខេត្ត Fujian និងខេត្តតៃវ៉ាន់នៅជាប់គ្នាខ័ណ្ឌដោយច្រកសមុទ្រមួយនៅកណ្តាល គឺស្ថិតនៅជួរមុខគេសម្រាប់ត្រើយទាំងសងខាងធ្វើការអភិវឌ្ឍទៅមុខរួមគ្នា ។ លោក ស៊ី ជីនភីង ធ្លាប់ធ្វើការនៅខេត្ត Fujian ចំនួន ១៧ឆ្នាំកន្លះ បានយល់ដឹងច្បាស់លាស់ណាស់ ចំពោះសភាពការណ៍នៃតៃវ៉ាន់។ ពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Fujian លោកបានលើកឡើងថា ត្រូវតែធ្វើឲ្យការអភិវឌ្ឍដោយរួមបញ្ចូលគ្នា នៃត្រើយទាំងសងខាងឲ្យកាន់តែស៊ីជម្រៅ ។
ត្រើយទំាងសងខាងត្រូវតែតភ្ជាប់គ្នាទាំងស្រុង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មឈានទៅមុខដោយរលូន តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ថាមពល និងធនធាន ធ្វើឲ្យស្តង់ដារមុខរបរនានាឯកភាពគ្នា ខិតខំកសាងខេត្ត Fujian ឲ្យក្លាយជាកន្លែងកំណើតសម្រាប់បងប្អូនតៃវ៉ាន់ និងសហគ្រាសតៃវ៉ាន់ចូលមហាដីគោកចិន។
ផ្តល់ផលប្រយោជន៍ដល់បងប្អូនជនរួមជាតិតៃវ៉ាន់ ឲ្យដូចជាបម្រើប្រជាជនចិនដីគោក ទន្ទឹមនឹងនេះត្រូវស្តាប់សំឡេងរបស់បងប្អូនជនរួមជាតិតៃវ៉ាន់ ស្រាវជ្រាវថាតើអាចដាក់ចេញគោលនយោបាយ និងវិធានការអ្វីខ្លះដែលផ្តល់ផលប្រយោជន៍ដល់តៃវ៉ាន់ និងប្រជាជនតៃវ៉ាន់ អ្វីដែលយើងអាចធ្វើបាន យើងត្រូវខំធ្វើឲ្យអស់ពីសមត្ថភាព។ ទាំងនេះជាការថ្លែងដោយ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង។
* រឿងរ៉ាវទី៤៖ ការលុបបំបាត់ភាពក្រីក្រ និងការដោះស្រាយបញ្ហាស្មុគស្មាញ
ជាកិច្ចការដែលត្រូវខិតខំធ្វើដោយគ្មានទីបញ្ចប់ រហូតដល់ទទួលបានភាពជោគជ័យទាំងស្រុងខេត្ត Gansu ជាខេត្តក្រីក្រខ្លាំងមួយរបស់ប្រទេសចិន។ នៅឆ្នាំទីមួយដែលលោក ស៊ី ជីនភីង ត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន មុនចូលឆ្នាំថ្មីប្រពៃណីចិននាឆ្នាំនោះ លោកធ្លាប់បានទៅដល់ភូមិតូចមួយរបស់ខេត្ត Gansu ដើម្បីសួរសុខទុក្ខកសិករក្រីក្របំផុតនៅទីនោះ។ នាឆ្នាំ២០១៩នេះ លោកបានចូលរួមក្នុងការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Gansu ជាលើកទីមួយ ដោយបានធ្វើការពិភាក្សាយ៉ាងកក់ក្តៅ ជាមួយតំណាងសភាប្រជាជនទូទាំងប្រទេសចិនរបស់ខេត្តនេះ។
ពាក្យគន្លឹះ៖ ដោះស្រាយបញ្ហាស្មុគស្មាញក្នុងការងារលុបបំបាត់ភាពក្រីក្រ
ពេលនេះសល់រយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ដល់ពេលកំណត់នៃការសម្រេចគោលដៅ នៃការលុបបំបាត់ភាពក្រីក្រនៅឆ្នាំ២០២០។ វាគឺជាពេលវេលាដែលត្រូវការការខិតខំតស៊ូខ្លាំងបំផុត ចាំបាច់ត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេ ដើម្បីធ្វើការងារឲ្យបានល្អ មិនទទួលបានភាពជោគជ័យទាំងស្រុង មិនបញ្ឈប់ការងារជាដាច់ខាត។
ភារកិច្ចនៃការលុបបំបាត់ភាពក្រីក្រ និងការដោះស្រាយបញ្ហាស្មុគស្មាញមិនអាចគេចចេញពីមូលដ្ឋាននៃការពិតជាក់ស្តែង ស្តង់ដារមិនត្រូវកំណត់ខ្ពស់ កុំបានតែនិយាយតែមិនធ្វើ, កុំធ្វើការលុបបំបាត់ភាពក្រីក្រក្នុងភាពក្លែងក្លាយ កុំទម្លាក់ចុះស្តង់ដារនៃការធ្វើការងារ។ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ភាពក្រីក្រ និងការដោះស្រាយបញ្ហាស្មុគស្មាញ វេលាកាន់តែសំខាន់ កាន់តែត្រូវខិតខំធ្វើ។ កុំប្រញាប់ចង់បានតែលទ្ធផល កុំធ្វើការក្លែងក្លាយដើម្បីទទួលយកសមិទ្ធផលនយោបាយ។
ទាំងនេះជាការថ្លែងដោយលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន៕