(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានធ្វើការអនុម័តលើសេចក្តីព្រាងដំណោះស្រាយមួយ ដើម្បីបិទបញ្ចប់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់សង្រ្គាមដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅយេម៉ែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
សេចក្តីព្រាងដំណោះស្រាយខាងលើនេះ ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តក្នុងសំឡេងគាំទ្រ៥៤ទល់នឹងសំឡេងប្រឆាំង៤៦ ដោយវាមានគោលដៅបិទបញ្ចប់រាល់ការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងបញ្ហាសង្រ្គាមដែលមានអារ៉ាប៊ីសាអូឌីតជាអ្នកដឹកនាំ នៅក្នុងប្រទេសយេម៉ែន។
ការគាំទ្រទាំងនោះ រួមទាំងទាំងការផ្តល់ជួយក្នុងការកំណត់គោលដៅ សម្រាប់ប្រតិបត្តិការផ្លូវអាកាសអារ៉ាប៊ីសាអូឌីត និងការផ្តល់សេវាកម្មចាក់សាំងលើផ្ទៃអាកាសឲ្យយន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតជាដើម។ នាពេលនេះ សេចក្តីព្រាងដំណោះស្រាយខាងលើ នឹងត្រូវឆ្លងកាត់ការសម្រេចពីសភាតំណាងរាស្រ្តអាមេរិកវិញម្តង។
គួរជម្រាបថា សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមផ្តល់ការជួយជ្រោមជ្រែងដោយស្ងាត់ៗ ដល់ក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅឆ្នាំ២០១៦ តាមរយៈការផ្តល់នូវព័ត៌មានសម្ងាត់ ការលក់សព្វាវុធ និងការចាក់សាំងយន្តហោះជាដើម ប៉ុន្តែជំហរគាំទ្រនេះបានប្រែប្រួល ចាប់តាំងពីមានផ្ទុះករណីឃាតកម្មលើអ្នកកាសែត Jamal Kashoggi៕