(គូឡាឡាំពួ)៖ ស្រ្តីជនជាតិវៀតណាមដែលជាប់ចោទពីបទធ្វើឃាតលើ លោក គីម ជុងណាំ ដែលជាបងប្រុសម្តាយផ្សេងគ្នានៃប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងនៅតែត្រូវបន្តស្ថិតក្រោមការឃុំឃាំងដដែល បន្ទាប់ពីក្រុមរាជអាជ្ញាម៉ាឡេស៊ីបានបដិសេធសំណើឲ្យដោះលែងរូបនាងពីវៀតណាម ជាផ្លូវការពីសំណាក់រដ្ឋាភិបាលវៀតណាមកាលពីពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
រដ្ឋាភិបាលវៀតណាមបានអំពាវនាវឲ្យដោះលែងនាង ដ័ន ធីហ័ង (Doan Thi Huong) បន្ទាប់ពីជនជាប់ចោទម្នាក់ទៀត ដែលជាស្រ្តីជនជាតិឥណ្ឌូណេស៊ីឈ្មោះ ស៊ីទិ អៃស៊ីយ៉ាហ៍ (Siti Aisyah) ត្រូវបានដោះលែងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នាង Huong និងនាង Aisyah ត្រូវបានចោទប្រកាន់ពីបទធ្វើឃាតលោក គីម ជុងណាំ តាមរយៈការយកសារធាតុគីមីពុល VX ដែលជាគ្រឿងផ្សំមួយនៃអាវុធគីមីស្ថិតក្រោមការហាមឃាត់ ទៅប៉ាតលើផ្ទៃមុខលោក គីម នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីខែកុម្ភៈ ឆ្នាំ២០១៧។
គួរជម្រាបថា បើត្រូវបានរកឃើញថាមានទោសមែននោះ ស្រ្តីជនជាតិវៀតណាមខាងលើ អាចប្រឈមមុខនឹងការប្រហារជីវិតដោយព្យួរក។ ជានជាប់ចោទទាំងពីរនាក់ ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ជាមួយការអះអាងថា ពួកគេត្រូវបានក្រុមចារជនកូរ៉េខាងជើង បោកបញ្ឆោតឲ្សសម្លាប់លោក គីម ជុងណាំ ដោយមិនដឹងខ្លួន ព្រោះពួកគេជឿថា វាគ្រាន់តែជាការលេងសើច (Prank) សម្រាប់កម្មវិធីទូរទស្សន៍ Reality Show មួយប៉ុណ្ណោះ៕