(អេស្ប៉ាញ)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ត្រូវបានគេចោទប្រកាន់ថា គឺជាអ្នកនៅពីក្រោយការវាយប្រហារមួយ លើស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុង ម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ។ ពោលគឺតែ ០៥ថ្ងៃប៉ុណ្ណោះមុននឹងជំនួបកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអេស្ប៉ាញ អ៊ែលផេស (EL PAIS) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
សារព័ត៌មាន EL PAIS ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអេស្ប៉ាញបានឱ្យដឹងទៀតថា បុរសពាក់ម៉ាស់បិទមុខ ០២នាក់ក្នុងចំណោម ១០នាក់ បានសម្រុកចូលទៅក្នុងស្ថានទូត និងចាប់បុគ្គលិកទូតកូរ៉េខាងជើងជាច្រើននាក់សួរចម្លើយ ហើយមិនតែប៉ុណ្ណោះពួកគេត្រូវបានគេបញ្ជាក់អត្តសញ្ញាណថា មានទំនាក់ទំនងជាមួយនឹង CIA។ ប៉ុន្តែ CIA បានបដិសេធ ខណៈប្រភពជាច្រើនអះអាងថា រដ្ឋាភិបាលអេស្ប៉ាញមិនអាចទទួលយកការបកស្រាយរបស់ ទីភ្នាក់ងារចារកម្មអាមេរិកមួយនេះបានទេ ស្របពេលជនសង្ស័យទាំងអស់កំពុងរត់គេចខ្លួន។
គួរបញ្ជាក់ថា បើតាមប្រភពខាងលើដដែល ការវាយប្រហាររបស់ជនបិទមុខទាំង ១០នាក់ គឺធ្វើឡើងក្នុងគោលបំណងប្រមូល ព័ត៌មានពាក់ព័ន្ធនឹងអតីតអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអេស្ប៉ាញលោក គីម យ៉ុកចុល (Kim Hyok Chol) ដែលជាមន្ត្រីទូតម្នាក់ត្រូវបានលោក គីម ជុងអ៊ុន ទុកចិត្តជាខ្លាំង។ លោក Kim Hyok Chol ត្រូវបានរដ្ឋាភិបាលអេស្ប៉ាញ បណ្ដេញចេញពីប្រទេសកាលពី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារតែការធ្វើតេស្ដនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លើសពីនេះទៅទៀត កាលពីខែកុម្ភៈអតីតអគ្គរដ្ឋទូតកូរ៉េខាងជើងរូបនេះ ក៏ជាអ្នកដឹកនាំប្រតិភូកូរ៉េខាងជើងចូលរួមកិច្ច ពិភាក្សាស្ដីពីផែនការរំសាយអាវុធនុយក្លេអ៊ែរ និងការដកទណ្ឌកម្មសេដ្ឋកិច្ច ជាមួយបេសកជនពិសេសអាមេរិក លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) ផងដែរ៕