(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុន Facebook បាននិងកំពុងជួបបញ្ហាធំមួយ ដោយសេវាកម្មសំខាន់ៗរបស់ខ្លួនស្រាប់តែដំណើរការមិនប្រក្រតី នៅតាមតំបន់ជាច្រើនជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។
វែបសាយធំៗទាំង ០២ របស់ក្រុមហ៊ុនគឺ Facebook និង Instagram រួមទាំងកម្មវិធីផ្ញើសារ សុទ្ធតែរងការប៉ះពាល់ពីបញ្ហាខាងលើ ខណៈមូលហេតុនៃការរាំងស្ទាំងដំណើរការរបស់ពួកវា ពុំទាន់ត្រូវបានបញ្ជាក់ជាសាធារណៈនៅឡើយទេ តែក្រុមហ៊ុនបណ្តាញសង្គមធំបំផុតនៅលើពិភពលោកនេះបានប្រាប់ថា គឺមិនមែនបង្កឲ្យដោយសារការលុកលុយ DDoS (ការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យាដែលធ្វើឲ្យកកស្ទះចរាចរណ៍របស់វែបសាយណាមួយ) នោះទេ។
ដោយសារតែបញ្ហានេះអ្នកប្រើប្រាស់ជាច្រើន បានបើកវែបសាយ Facebook មិនចេញ ខណៈអ្នកខ្លះ Post មិនកើតព្រមទាំងការ Share មានភាពរអាក់រអួល។ រីឯអ្នកប្រើប្រាស់ Instagram មិនអាច Refresh ផ្ទាំង Feeds ឬក៏បង្ហោះរូបភាពថ្មីៗបានឡើយ។ សម្រាប់កម្មវិធី Messenger របស់កុំព្យូទ័រ Desktop គឺបើកមិនចេញ ខណៈរបស់ទូរស័ព្ទដៃអាចផ្ញើសារបានខ្លះៗ ហើយកម្មវិធី WhatsApp ក៏បានជួបបញ្ហាស្រដៀងគ្នានេះដែរ។
គួរជម្រាបថា លើកចុងក្រោយបំផុតដែល Facebook បានជួបបញ្ហារអាក់រអួលទ្រង់ទ្រាយធំបែបនេះ គឺកាលពីឆ្នាំ២០០៨ នៅពេលដែលក្រុមហ៊ុនបណ្តាញសង្គមនេះមានអ្នកប្រើប្រាស់ ១៥០លាននាក់ ធៀបនឹងប្រមាណ ២.៣ពាន់លាននាក់នាពេលសព្វថ្ងៃនេះ៕