(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ទីរបញ្ចកោណ​នៃក្រសួងការពារជាតិ​អាមេរិក មានគម្រោង​ចំណាយប្រាក់ ២.៦ពាន់លានដុល្លារលើការអភិវឌ្ឍអាវុធ​លឿនជាង​សំឡេង និងអាវុធ​វៃឆ្លាត ខណៈអ្នកជំនាញ​ជាច្រើនបានព្រមាន​ថា ការរត់ប្រណាំងសព្វាវុធ​នៃសង្រ្គាម​ត្រជាក់ រវាងមហាអំណាចយោធា​ទាំង ២ អាមេរិក និងរុស្ស៊ី​អាចនឹងផ្ទុះឡើងជាថ្មី៕

២៖ របាយការណ៍​មួយរបស់ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ បានឱ្យដឹងថា កូរ៉េខាងជើងនៅតែ​ធ្វើសកម្មភាពរំលោភ លើទណ្ឌកម្ម​អន្តរជាតិ តាមរយៈការបង្កើនការ​នាំចូលប្រេង និងនាំចេញធ្យូងថ្ម​ណីក្រៅប្រទេសដដែល៕

៣៖ ​រដ្ឋមន្ត្រីការបរទេសវៀតណាម​លោក ផាម ប៊ិញមិញ (Pham Binh Minh) បានពិភាក្សា​តាមទូរស័ព្ទជាមួយ​សមភាគី​ម៉ាឡេស៊ី​ ដោយ​ស្នើសុំឱ្យទីក្រុងគូឡាឡំា​ពួរ​ ដោះលែងស្ត្រី​ជាជនជាតិ​វៀតណាម​ម្នាក់ ដែលត្រូវបាន​ចោទប្រកាន់ពីបទ​សម្លាប់បង​ប្រុស​ម្ដាយទីទៃ នៃមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណំា៕

៤៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឲ្យដឹងថា លោកនឹងស្នើ​សុំជំនួយពី​ រុស្ស៊ី ចិន គុយបា អ៊ីរ៉ង់ រួមទាំង​​អង្គការ​សហប្រជាជាតិ ក្នុងការស៊ើបអង្កេត​ជុំវិញអ្វីដែលរូបលោក​បានអះអាងថា ជា​ការវាយប្រហារមកលើ​បណ្តាញផ្គត់ផ្គង់​អគ្គិសនី​​​ប្រទេស​​លោក ដែលបាន​បង្កឲ្យមានការដាច់ចរន្តអគ្គិសនី​ស្ទើរតែទូទាំងប្រទេស​ អស់ជាច្រើនថ្ងៃមក​ហើយ៕

៥៖ កងទ័ពអាកាស​ប៉ាគីស្ថានបាន​ធ្វើតេស្ដបាញ់​សាកល្បង ប្រកប​ដោយជោគជ័យ​ នូវមីស៊ីលឆ្លាតវៃ​ផលិតនៅក្នុង​ស្រុកស៊េរី​ថ្មីបំផុតមួយ ខណៈភាពតានតឹងជា​មួយ​ឥណ្ឌា នៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ៕

៦៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិលសហភាពអឺរ៉ុប បានប្រកាសផ្អាករាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 MAX ហើយ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី៕